លោក Keir Starmer នឹងចាប់ផ្តើមសប្តាហ៍ដ៏សំខាន់មួយ សម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ដោយការប្រកាសពីកញ្ចប់នៃការរឹតបន្តឹងយ៉ាងតឹងរ៉ឹងដែលត្រូវបានបង្កើតឡើង ដើម្បីការពារក្មេងជំទង់អង់គ្លេស ពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។
នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់វេទិកាបណ្ដាញសង្គមសំខាន់ៗ នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ក៏ដូចជាវិធានការផ្សេងទៀត រួមទាំងការរឹតបន្តឹង សម្រាប់ក្មេងជំទង់ដែលមានវ័យចំណាស់ និងបទប្បញ្ញត្តិដ៏តឹងរ៉ឹង ជុំវិញការប្រើប្រាស់កម្មវិធី Chatbot។

បន្ទាប់មក លោកនឹងចេញដំណើរទៅកាន់កិច្ចប្រជុំកំពូលនៃក្រុមទាំងមានឧស្សាហមម្មលូតលាស់ទាំង៧ (G7) នៅទីក្រុង Evian-les-Bains របស់ប្រទេសបារាំង ជាកន្លែងដែលលោកត្រូវប្រឈមនឹងសំណួរពិបាកៗ បន្ទាប់ពីមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក កាលពីសប្តាហ៍មុន និងភាពមិនប្រាកដប្រជា ជុំវិញបញ្ហាថវិកាយោធារបស់ចក្រភពអង់គ្លេស។
ការហាមឃាត់មិនឲ្យក្មេងវ័យជំទង់ប្រើប្រាស់បណ្ដាញសង្គមនេះ ទទួលការគាំទ្រពីសាធារណជនអង់គ្លេស ទោះបីជាមានក្ដីបារម្ភថា តើវាអាចត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដែរ ឬយ៉ាងណាក៏ដោយ។ បើយោងតាមបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា ការរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលរបស់គណបក្សការងារ ក្នុងនោះរួមទាំងការរឹតបន្តឹងមួយចំនួន លើកម្មវិធី Chatbot និងហ្គេមអនឡាផងដែរ នឹងមានលើសពីច្បាប់ នៅអូស្ត្រាលី ដែលការហាមឃាត់មិនឲ្យប្រើប្រាស់បណ្ដាញសង្គមរបស់ប្រទេសនេះ សម្រាប់ក្មេងជំទង់ បានចូលជាធរមាននៅឆ្នាំ២០២៥។
លោក Starmer បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី១៤ ខែមិថុនាថា៖ «នេះគឺជាជម្រើសមួយ អំពីថា តើយើងឈរនៅខាងណា ដោយនោះគឺថា ឈរនៅខាងគ្រួសារនៅទូទាំងប្រទេស ឬស្ថានភាពបច្ចុប្បន្នដែលមិនផ្ដល់ផលល្អ»៕
