មនុស្សរាប់ពាន់នាក់ នាំគ្នាតវ៉ានៅតាមដងផ្លូវទីក្រុង Tirana របស់ប្រទេសអាល់បានី ស្របពេលរលកនៃការតវ៉ានៅក្នុងប្រទេសមួយនេះ ឈានចូលដល់សប្តាហ៍ទី ៣ ។
លោក Reed Prevatte គឺជាបាតុករមួយរូបមកពីសហរដ្ឋអាមេរិកនិយាយថា វាគ្មានភ័ព្វសំណាងទេកាលដែលលោកមកពីអាមេរិក ពីព្រោះថា ពួកយើងបានមើលឃើញក្រុមអ្នកមាន កំពុងព្យាយាមក្រសោបគ្រប់គ្រងប្រទេសមួយនេះផ្តាច់មុខ ។
បដិវត្តន៍សត្វក្រៀលរបស់អាល់បានី ចាប់ផ្តើមជាមួយនឹងការតវ៉ាប្រឆាំងការអភិវឌ្ឍរមណីយដ្ឋានប្រណីតនៅតាមតំបន់ឆ្នេរ ប៉ុន្តែវាបានរីកកាន់តែធំរហូតដល់ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Edi Rama និងអំពើពុករលួយ ។
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ក្រុមបាតុករនាំគ្នាស្រែកពាក្យ “បដិវត្តន៍” និងទាមទារឲ្យលោក Rama ចុះចេញពីតំណែង ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានប្រណីត ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនដែលមានការជាប់ពាក់ព័ន្ធនឹងកូនប្រសារប្រុស Jared Kushner របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ក្រុមហ៊ុនវិនិយោគ Affinity Partners របស់លោក Kushner ពាក់ព័ន្ធនឹងគម្រោងតម្លៃ ១,៦ពាន់លានដុល្លារ លើតំបន់ឆ្នេរមិនទាន់អភិវឌ្ឍ ស្ថិតនៅជិតបឹង Narte ដែលជាជម្រករបស់សត្វក្រៀល ភេ និងកន្ធាយសមុទ្រ សម្រាប់ធ្វើសំបុក ៕

