លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានស្វាគមន៍ ចំពោះការប្រកាស អំពីកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីអនុស្សរណៈនៃការយោគយល់គ្នា ដែលកំណត់ពីបទឈប់បាញ់ប្រកបដោយចីរភាព និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយសម្ព័ន្ធអារ៉ាប់ នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគ្រោងចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
លោក Aboul Gheit បាននិយាយថា ការវិវត្តនេះតំណាងឲ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ការវាយប្រហាររបស់អ៊ីរ៉ង់ និងអ៊ីស្រាអែល លើទឹកដីអារ៉ាប់ និងបង្កើតលក្ខខណ្ឌ ដើម្បីចាប់ផ្តើមបញ្ចប់សង្គ្រាម។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះអាចបើកផ្លូវឲ្យមានស្ថិរភាពប្រកបដោយចីរភាព នៅក្នុងតំបន់។
ជាមួយគ្នានេះ ប្រមុខសម្ព័ន្ធអារ៉ាប់ ក៏បានព្រមានផងដែរ ចំពោះការប៉ុនប៉ងរបស់អ៊ីស្រាអែលដែលកំពុងបន្ត ធ្វើឲ្យខូចកិច្ចព្រមព្រៀង និងនាំឲ្យស្ថានភាពជម្លោះបន្តមានជាអចិន្ត្រៃយ៍។ លោកបានសរសើរកិច្ចប្រឹងប្រែងផ្នែកការទូតដោយភាគីអារ៉ាប់ តំបន់ និងអន្តរជាតិ ដែលបានរួមចំណែកដល់ការឈានដល់កិច្ចព្រមព្រៀង។
ជាងនេះទៀត លោក Aboul Gheit បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យចូលរួមជាមួយការចរចានាពេលខាងមុខ ដោយអាកប្បកិរិយាវិជ្ជមាន និងប្រាកដប្រជា ដើម្បីធានាបាននូវដំណោះស្រាយដោយសន្តិវិធី។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងចុងក្រោយណាមួយ ត្រូវតែគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋអារ៉ាប់ និងដោះស្រាយការទាមទារស្របច្បាប់របស់អារ៉ាប់ ទាក់ទងនឹងសន្តិសុខក្នុងតំបន់៕