ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃចន្ទនេះថា លោកបានផ្តល់ជូនជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មលូតលាស់ G7 ក្នុងប្រទេសបារាំង នាសប្តាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៤ឆ្នាំ ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះ ពុំបានត្រៀមខ្លួនជជែកគ្នានោះទេ ។
ថ្លែងនៅប្រាសាទប្រវត្តិសាស្រ្តនៅក្នុងទីក្រុងគីវ ដែលរងការខូចខាតដោយសារការវាយប្រហារកាលពីយប់របស់រុស្ស៊ី លោក Zelenskiy និយាយថា សហរដ្ឋអាមេរិកយល់ព្រមការអញ្ជើញលោក Putinឲ្យមកចូលរួមជំនួបនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ នៅរមណីយដ្ឋាន Evian-les-Bains ។
លោកនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងបានផ្តល់សារដែលពួកយើងត្រៀមខ្លួនរួចរាល់ក្នុងការជួបលោក Putin អំឡុងជំនួប G7 ពីព្រោះថាលោក Trumpក៏នៅទីនោះ ហើយលោក Macron ក៏នៅទីនោះ ដូច្នេះហើយមានទាំងអឺរ៉ុបបូកអាមេរិក ។ លោកគិតថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ការជួបជុំទាំងអស់គ្នា ។
លោក Zelenskiy និយាយទៀតថា អឺរ៉ុប និងសហរដ្ឋអាមេរិក បានឯកភាពគ្នា ហើយរុស្ស៊ីបញ្ជាក់ជាថ្មីម្តងទៀតថា ពួកគេមិនទាន់ត្រៀមខ្លួននិយាយនោះទេ ។
គួរឲ្យដឹងថា នៅក្នុងលិខិតដោយបើកចំហរទៅកាន់លោក Putin ក្នុងខែនេះ លោក Zelenskiy បានផ្តល់ជំនួបទល់មុខគ្នា ហើយលោកបានលើកឡើងថា សង្រ្គាមកំពុងបង្កើនសម្ពាធលើសេដ្ឋកិច្ចរុស្ស៊ី ។
ជាការឆ្លើយតបវិញ លោក Putin និយាយជាសាធារណៈថា លោកពុំមើលឃើញហេតុផលណាមួយសម្រាប់ជំនួបមួយនេះឡើយ ៕