ទីភ្នាក់ងាររញ្ជួយដីរដ្ឋហ្វីលីពីន Phivolcs បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានកើតឡើង នៅកោះ Mindanao នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន នាថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ។
ទីភ្នាក់ងាររញ្ជួយដីរដ្ឋហ្វីលីពីន Phivolcs បានបញ្ជាក់ថា រញ្ជួយដីដែលបានវាយប្រហារចម្ងាយ ១៦៤គីឡូម៉ែត្រ នៅភាគអាគ្នេយ៍តំបន់ Governor Generoso ក្នុងខេត្ត Davao Oriental មានជម្រៅ ៨៦គីឡូម៉ែត្រ ដោយបន្ថែមថា ការខូចខាតមិនត្រូវបានរំពឹងថា នឹងមាននោះទេ។
នាយក Phivolcs លោក Teresito Bacolcol បានប្រាប់វិទ្យុ DZMM ថា រញ្ជួយដី នៅថ្ងៃទី១៥ ខែមិថុនានេះ មានប្រភពមកពីតាមបណ្តោយតំបន់ Philippine Trench ហើយមិនមានទំនាក់ទំនងជាមួយនឹងរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ដែលបានវាយប្រហារកោះ Mindanao កាលពីថ្ងៃទី៨ ខែមិថុនានោះឡើយ ហើយការរញ្ជួយនេះមានចំណុចកណ្តាល នៅចម្ងាយជាង ២៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ដែរថា ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន បានកើនឡើងដល់ ៦៥នាក់ហើយ ខណៈមនុស្ស ៣៦នាក់ទៀតនៅតែបាត់ខ្លួនដដែល៕