តម្លៃឧស្ម័នធម្មជាតិ នៅតំបន់អឺរ៉ុប បានធ្លាក់ចុះ ៦,២ភាគរយ នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយឈានដល់កម្រិតទាបបំផុតជាលើកដំបូង ក្នុងរយៈពេល ៥សប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌបឋមដែលមានគោលបំណងបញ្ចប់ជម្លោះរបស់ភាគីទាំង២ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយជួយបន្ធូរបន្ថយក្ដីបារម្ភ អំពីការរំខានដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG)។
កិច្ចសន្យាអនាគតជិតផុតកំណត់ ក្នុងប្រទេសហូឡង់ នៅឯ Title Transfer Facility (TTF) ដែលជាមជ្ឈមណ្ឌលជួញដូរឧស្ម័នឈានមុខគេរបស់តំបន់អឺរ៉ុប បានធ្លាក់ចុះមកត្រឹមប្រហែល ៤៣,៣អឺរ៉ូ (៥០,៩ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ក្នុងអំឡុងពេលជួញដូរ ខណៈដែលបុព្វលាភហានិភ័យភូមិសាស្ត្រនយោបាយ នៅក្នុងទីផ្សារថាមពល បានធ្លាក់ចុះ។
ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសពីវឌ្ឍនភាព នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ ដោយនិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នា ស្ដីពីក្របខ័ណ្ឌបឋម ដែលរួមមានការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍ លើគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។
កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនា។ វាក៏រួមបញ្ចូលផងដែរទាំងការលុបការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ចំពោះកំពង់ផែអ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាផ្លូវតូចចង្អៀតដ៏សំខាន់មួយ សម្រាប់ថាមពល ដែលភ្ជាប់ឈូងសមុទ្រពែក្សជាមួយនឹងផ្លូវដឹកជញ្ជូនសកល។
ច្រកសមុទ្រនេះមានសារៈសំខាន់ជាពិសេស សម្រាប់ LNG ដោយសារប្រហែល ១ភាគ៥ នៃការជួញដូរឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក បានឆ្លងកាត់ផ្លូវនេះក្នុងឆ្នាំ២០២៤ ដែលភាគច្រើនមកពីប្រទេសកាតា។ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក៕