ការប្រកួតជម្រើសជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ នឹងមានការប្រកួតពាក់កណ្ដាលសប្ដាហ៍លើកដំបូង ក្រោយមានការពន្យាពេលមួយចំនួន នាពេលកន្លងមក ជាមួយកម្មវិធីប្រកួតដ៏ជក់ចិត្ត រវាងក្រុមខ្លាំង ប៉ះខ្លាំងជាច្រើន ពិសេសជំនួបរវាងក្រុមមិនទាន់ស្គាល់ចាញ់ភ្នំពេញក្រោន និងវិសាខា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ស្អែកនេះ។
ក្នុងចំណោម ៤ប្រកួត ដែលត្រូវប្រកួតដំណាលគ្នា នៅថ្ងៃពុធនេះ ភ្នំពេញក្រោន ជួប វិសាខា ត្រូវបានចាត់ទុកជាជំនួបដ៏ធំ ដែលកំពុងទាក់ចិត្តអ្នកគាំទ្រ ដ្បិតឆ្លងកាត់ ៦ប្រកួតកន្លងមក ក្រុមទាំងពីរ មិនទាន់ស្គាល់ចាញ់រៀងៗខ្លួន ពោលគឺ ៦ប្រកួតរបស់ក្រុមការពារជើងឯកភ្នំពេញក្រោន ឈ្នះទាំង ៦ គ្រាដែល ៦ប្រកួតរបស់វិសាខា ឈ្នះ ៤ និងស្មើ ២។ ដូច្នេះចាំមើលតើជំនួបជើងទី១ រវាងក្រុមទាំងពីរ ស្អែកនេះ ក្រុមណានឹងអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់?
ក្រឡេកទៅមើលកម្មវិធីប្រកួត ៣គូផ្សេងទៀត ក៏មិនធម្មតា ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុម XO United នៅកីឡដ្ឋាន ISI Park ខណៈបឹងកេត ត្រូវជួបម្ចាស់ផ្ទះសៀមរាបអេហ្វស៊ី ។ នេះគឺជាសុទ្ធតែជាគូជក់ចិត្ត ដ្បិតក្រុមនីមួយៗ មានការរៀបចំក្រុមបានល្អរៀងៗខ្លួន ។ រីឯមួយប្រកួតទៀត គឺក្រុមមិនទាន់ស្គាល់ឈ្នះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ត្រូវជួបក្រុមភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង។
សម្រាប់លទ្ធផលការប្រកួតចុងក្រោយរបស់ក្រុមនីមួយៗ កាលពីចុងសប្ដាហ៍កន្លងទៅ មុនជំនួបបង្គ្រប់កិច្ចជុំទី២ នាថ្ងៃពុធស្អែកនេះ គឺក្រុមភ្នំពេញក្រោន បានបន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ៩-០, ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបឹងកេត ៤-២, ក្រុមសៀមរាបអេហ្វស៊ី បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៣-០ និងក្រុមវិសាខា បានវាយបកឈ្នះក្រុម XO United ៦-១។
បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាង រកបាន ១៨ពិន្ទុពេញ តាមពីក្រោយដោយក្រុមវិសាខា មាន ១៤ពិន្ទុ, សៀមរាបអេហ្វស៊ី ឈរលេខ៣ មាន ១១ពិន្ទុ, បឹងកេត ឈរលេខ៤ មាន ១០ពិន្ទុ និងព្រះខ័នរាជស្វាយរៀង ឈរលេខ៥ មាន ៩ពិន្ទុ៕ អត្ថបទ លី ឈុនឡា


