អតីតអ្នកចាត់ការ Manchester United លោក Ruben Amorim បានឈានដល់កិច្ចព្រមព្រៀងក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបអ៊ីតាលី AC Milan។
គ្រូបង្វឹកវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុង Milan ចុងសប្តាហ៍នេះ ដើម្បីចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ ជំនួសលោក Massimiliano Allegri ដែលត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីលទ្ធផលដ៏អាក្រក់រដូវកាលកន្លងទៅ ធ្វើឱ្យ AC Milan ខកខានឱកាសឡើងទៅលេងក្នុងពានរង្វាន់ UEFA Champions League។
យោងតាមសារព័ត៌មាននៅអ៊ីតាលី Amorim បានយល់ព្រមបោះបង់ប្រាក់ឈ្នួលមួយឆ្នាំដែលនៅសល់ពីកិច្ចសន្យារបស់ខ្លួនជាមួយ Manchester United ក្រោយពេលត្រូវបានបញ្ចប់តំណែងកាលពីខែមករាកន្លងទៅ។
កាលពីខែកុម្ភៈ Manchester United បានបញ្ជាក់ថា ការបញ្ចប់តំណែងរបស់ Amorim និងក្រុមការងារគ្រូបង្វឹករបស់គាត់ អាចធ្វើឱ្យក្លិបចំណាយរហូតដល់ ១៥.៩ លានផោន។
Amorim ត្រូវបានបណ្តេញចេញពី Manchester United បន្ទាប់ពីដឹកនាំក្រុមក្នុងរយៈពេល ១៤ ខែដ៏លំបាកនៅកីឡដ្ឋាន Old Trafford។ ប៉ុន្តែមុនពេលមកកាន់អង់គ្លេស Amorim ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកវ័យក្មេងដ៏មានសក្តានុពលបំផុតម្នាក់នៅអឺរ៉ុប ដោយសារស្នាដៃដឹកនាំ Sporting ឈ្នះជើងឯកលីគព័រទុយហ្គាល់ក្នុងរដូវកាល ២០២០-២១ ដែលជាពានលើកដំបូងរបស់ក្លិបក្នុងរយៈពេល ១៩ ឆ្នាំ និងឈ្នះម្តងទៀតនៅរដូវកាល ២០២៣-២៤។
ប្រសិនបើកិច្ចសន្យាត្រូវបានចុះហត្ថលេខាតាមការគ្រោងទុក Amorim នឹងដឹកនាំ AC Milan ប្រកួតដំបូងក្នុងជំនួបមិត្តភាពមុនបើករដូវកាលទល់នឹង Celtic នៅថ្ងៃទី ២៥ ខែកក្កដា។ ជាពិសេស ការប្រកួតចុងក្រោយមុនបើករដូវកាលរបស់ AC Milan នឹងជួប Manchester United នៅទីក្រុង Wroclaw ប្រទេសប៉ូឡូញ នាថ្ងៃទី ១៥ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

