អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបានច្រានចោលកិច្ចព្រមព្រៀងដែលបានសម្រេចជាមួយរុស្ស៊ី ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែបនៅក្នុងទីក្រុងរងការឡោមព័ទ្ធ Mariupol និងបានជំរុញដល់អង្គការសហប្រជាជាតិឲ្យដើរតួនាទីជាអ្នកផ្ដួចផ្ដើម និងជាអ្នកធានាលើកិច្ចព្រមព្រៀងណាមួយ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបើកច្រករបៀងមនុស្សធម៌មួយដើម្បីឲ្យជនស៊ីវិលអាចចាកចេញពីរោងចក្រដែកថែបដ៏ធំ Azovstal ជាទីដែលពួកគេកំពុងសំងំលាក់ខ្លួនជាមួយក្រុមយុទ្ធជនអ៊ុយក្រែន និងស្ថិតក្រោមការវាយប្រហាររបស់រុស្ស៊ី។ ក្នុងការឆ្លើយតបកាលពីថ្ងៃចន្ទនោះ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បានសរសេរក្នុងសារលើបណ្ដាញសង្គម Telegram ថា ថ្ងៃនេះភាគីខាងប្រទេសរុស្ស៊ីបានប្រកាសជាថ្មីម្ដងទៀតពីច្រករបៀងមនុស្សធម៌ ដែលមានស្រាប់សម្រាប់ឲ្យជនស៊ីវិលចាកចេញ។ ការប្រកាសនេះអាចជឿជាក់បាន ប្រសិនបើទាហានរុស្ស៊ីមិនកម្ទេចច្រករបៀងមនុស្សធម៌ជាច្រើនលើកច្រើនសារកាលពីមុន។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជួបលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលពីថ្ងៃចន្ទអំឡុងដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុង Ankara មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Moscow និងទីក្រុង Kyiv។ លោក Antonio Guterres ដែលកំពុងស្វះស្វែងឲ្យមានបទឈប់បាញ់ផ្នែកមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនគ្រោងនឹងជួបលោក Putin ក្នុងទីក្រុង Moscow នៅថ្ងៃអង្គារនេះ និងជួបលោក Zelenskyy នៅរដ្ឋធានី Kyiv នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ៕
អត្ថបទ៖ សុខមាន