យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់កាលពី ថ្ងៃចន្ទ (ថ្ងៃទី ១៥ ខែមិថុនា) មិនយូរប៉ុន្មានបន្ទាប់ពីហោះឡើងពីមូលដ្ឋានទ័ពអាកាស Edwards ក្នុងវាលខ្សាច់ Mojave ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ហើយសមាជិកនាវិកទាំង ៨នាក់ នៅលើយន្តហោះនោះ ត្រូវបានសន្មតថា បានស្លាប់។ នេះបើយោងតាមមូលដ្ឋានទ័ពអាកាសនេះ។

មូលដ្ឋានទ័ពអាកាស Edwards បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយប្រហែល ៤ម៉ោង បន្ទាប់ពី ធ្លាក់នោះថា យន្តហោះមានម៉ាស៊ីន៨ដែលត្រូវបានផលិតឡើង ដើម្បីដឹកគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកធម្មតា កំពុងបំពេញបេសកកម្មសាកល្បងជាប្រចាំ នៅពេលដែលវាបានធ្លាក់។

ភាពវីដេអូថតពីលើអាកាសនៃកន្លែងកើតហេតុធ្លាក់យន្តហោះ មានចម្ងាយប្រហែល ១០០ ម៉ាយ (១៦១ គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុង Los Angeles បានបង្ហាញពីបំណែកយន្តហោះឆេះ និងហុយផ្សែង នៃវាលខ្សាច់ដែលមានទំហំប៉ុនទីលានបាល់ទាត់ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ត្រូវបានគេឃើញបើកបរតាមបណ្តោយបរិវេណនៃទីតាំងនេះ។
យោងតាមយោធា យន្តហោះ Stratofortress ដែលត្រូវបានរចនា និងផលិតដោយក្រុមហ៊ុន Boeing គឺជាយន្តហោះហោះចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ដែលធ្លាប់បម្រើការជាកងនាវាយន្តហោះរបស់កម្លាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក៕