ក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយបកទៅលើកងកម្លាំងអ៊ីស្រាអែលដែលកំពុងព្យាយាម «រុលទៅមុខ» នៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ានៅគ្រប់ទិសទី រួមទាំងនៅលីបង់ក៏ ដោយ។

ក្រុមហេសបូឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកប្រយុទ្ធមកពីក្រុមនេះដែលបាន ប្រើរ៉ូកែតនិងយានដ្រូន បានរារាំងកងកម្លាំងអ៊ីស្រាអែលមួយ ដែលមានគ្រឿងចក្រជីកដី និងរថក្រោះ Merkava ចំនួនពីរគ្រឿង ដែលកំពុង «រុលចូលទៅមុខ» នៅជិតទីក្រុង Kfar Tebnit ជិតទីក្រុង Nabatieh ភាគខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា នាព្រឹកថ្ងៃចន្ទ យានដ្រូនអ៊ីស្រាអែលមួយគ្រឿង បានកំណត់គោលដៅលើរថយន្តមួយគ្រឿង នៅក្នុងតំបន់ដដែល «សម្លាប់អ្នកបើកបររថយន្តនោះ» ដែលជាការវាយប្រហារដ៏សាហាវលើកដំបូង ចាប់តាំងពីកិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាស។
ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ានៅគ្រប់ទិសទី មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែអ៊ីរ៉ង់ និងអ្នកសម្របសម្រួលប៉ាគីស្ថាន សុទ្ធតែបាននិយាយថា វារួមបញ្ចូលទាំងប្រទេសលីបង់ផងដែរ៕