ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឲ្យមេដឹកនាំតាលីបង់នៅអាហ្វហ្គានីស្ថានបញ្ឈប់ការបង្ក្រាបរបស់ពួកគេលើស្ត្រីជាបន្ទាន់ និងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលប៉ាគីស្ថានចោទប្រកាន់ថា បានធ្វើការវាយប្រហារឆ្លងព្រំដែន។

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Fu Cong ដែលប្រទេសរបស់លោក បានគាំទ្រសេចក្តីសម្រេចនេះ បាននិយាយថា ក្តីសង្ឃឹមគឺថារដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងចាត់វិធានការសកម្មបន្ថែមទៀត ដើម្បីការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ស្ត្រី និងបង្ហាញរូបភាពនៃភាពបើកទូលាយ ការរួមបញ្ចូល និងការទទួលខុសត្រូវ។

សេចក្តីសម្រេចនេះ បន្តបេសកកម្មនយោបាយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន រហូតដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៧ និងអនុញ្ញាតឲ្យខ្លួនគាំទ្រដល់ការផ្តល់ជំនួយមនុស្សធម៌ «ដោយគ្មានការរើសអើង»និងដើម្បីលើកកម្ពស់អភិបាលកិច្ចជាតិ និងមូលដ្ឋាន «ដោយគ្មានការរើសអើងណាមួយដោយផ្អែកលើភេទ សាសនា ឬជនជាតិភាគតិច ជាមួយនឹងការចូលរួមពេញលេញ ស្មើភាព មានអត្ថន័យ និងសុវត្ថិភាពរបស់ស្ត្រី ...ជនជាតិភាគតិច យុវជន និងជនពិការ»។
ការអនុម័តសេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនស្ត្រីយ៉ាងហោចណាស់ ៣០ នាក់ នៅក្នុងទីក្រុង Herat ភាគខាងលិច ក្នុងខែនេះ ពីបទរំលោភលើច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងរបស់តាលីបង់។ យោងតាមបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថា UNAMA បានឲ្យដឹងថា ការតវ៉ាដ៏កម្រមួយ ដែលបង្កឡើងដោយការចាប់ខ្លួនទាំងនោះ ត្រូវបានបំបែកដោយហិង្សាដោយនគរបាលតាលីបង់ ដែលបានបាញ់សម្លាប់មនុស្សម្នាក់ និងបង្កឲ្យជាច្រើននាក់ផ្សេងទៀតរងរបួស៕