នៅឯកិច្ចប្រជុំកំពូលនៃប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នាថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បណ្ដាមេដឹកនាំអឺរ៉ុប នឹងប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយអ៊ីរ៉ង់ដែលមានសភាពស្រពេចស្រពិល អាចធ្វើឲ្យកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ទីក្រុងតេអេរ៉ង់កាន់តែរឹងមាំ ខណៈពេលដែលក៏ជំរុញផងដែរឲ្យរូបលោកគិតគូឡើងវិញ អំពីយុទ្ធសាស្ត្ររបស់លោក ចំពោះអ៊ុយក្រែន។
ការជួបប្រជុំ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា នៅរមណីដ្ឋាន Evian-les-Bains (អេវីយ៉ង់ ឡេស៍ បាំងស៍) ក្បែរបឹងហ្សឺណែវ (Lake Geneva) បាននាំឲ្យមេដឹកនាំនៃប្រទេសបារាំង ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកមកអង្គុយជុំគ្នា រួមជាមួយសហភាពអឺរ៉ុប (EU)។
លោក Trump បានទៅប្រទេសបារាំងកាលពីល្ងាចថ្ងៃចន្ទ អមដោយក្ដីរីករាយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានយល់ព្រមលើកិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់ជម្លោះកាន់តែរីករាលដាល ដោយការចុះហត្ថលេខាជាផ្លូវការ គ្រោងកើតឡើងនៅថ្ងៃសុក្រ។ ភ្លាមៗបន្ទាប់ពីលោកបានទៅដល់ទឹកដី Evian-les-Bains លោក Trump បាននិយាយថា៖ «កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងនាំមកនូវភាពជោគជ័យជាច្រើន»។
កិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះ គួរតែបើកឱកាសរយៈពេល ៦០ថ្ងៃ សម្រាប់ការចរចាបច្ចេកទេសស្មុគស្មាញដែលនឹងរួមបញ្ចូលជោគវាសនានៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់របស់អ៊ីរ៉ង់ និងការលុបចោលទណ្ឌកម្ម។ តែយ៉ាងណាក្ដី សម្ព័ន្ធមិត្តអឺរ៉ុបបារម្ភថា ក្រុមចរចារបស់សហរដ្ឋអាមេរិកដែលមិនសូវមានបទពិសោធន៍ អាចនឹងបរាជ័យក្នុងការធានាឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏រឹងមាំ ឬដោះស្រាយកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ នៅដំណាក់កាលបន្ទាប់ ដែលនាំឲ្យប្រឈមនឹងការជាប់គាំងយូរ។
ហើយជាមួយគ្នានេះដែរ អ្នកការទូតអឺរ៉ុបក៏មើលឃើញថា កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយ ដែលត្រូវប្រាប់ទៅលោក Trump ថា សំណើរបស់សហរដ្ឋអាមេរិកកន្លងមក សម្រាប់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន គឺផ្ដល់ផលចំណេញពេកដល់ទីក្រុងមូស្គូ៕

