ចក្រភពអង់គ្លេសបានយល់ព្រមផ្គត់ផ្គង់អ៊ុយរ៉ានីញ៉ូមចម្រាញ់រួចសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនដែលមានតម្លៃ ២១០ លានផោន (២៨០លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«ចក្រភពអង់គ្លេសនឹងផ្តល់ថាមពលដល់រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ជាមួយនឹងការគាំទ្រហិរញ្ញវត្ថុនាំចេញរបស់ចក្រភពអង់គ្លេសចំនួន ២១០ លានផោន ដើម្បីឲ្យក្រុមហ៊ុន Urenco ដែលមានមូលដ្ឋាននៅអង់គ្លេស អាចផ្គត់ផ្គង់អ៊ុយរ៉ានីញ៉ូមចម្រាញ់រួចដល់ក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនគឺ Energoatom»។ យោងតាមការិយាល័យនាយករដ្ឋមន្ត្រី កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេច ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក Starmer ជាមួយលោក វ្ល៉ឌីមី ហ្សេឡិនស្គី នៅទីក្រុងឡុងដ៍ កាលពីដើមខែមិថុនា។
សេចក្តីថ្លែងការណ៍នេះ បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការបន្តកិច្ចសន្យាដែលបានចុះហត្ថលេខាកាលពីពីរឆ្នាំមុន។ នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Urenco បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Energoatom ដើម្បីផ្គត់ផ្គង់អ៊ុយរ៉ានីញ៉ូមចម្រាញ់រួចដល់អ៊ុយក្រែនរហូតដល់ឆ្នាំ ២០៣៥៕
