យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានស្នើឲ្យមាន «គំនិតផ្តួចផ្តើមសហប្រតិបត្តិការស្តុករួមគ្នា» ក្នុងចំណោមបណ្ដាប្រទេសមានឧស្សាហកម្មលូតទាំង៧ (G7) ដើម្បីពង្រឹងការបម្រុងរ៉ែសំខាន់ៗ និងបានជំរុញឲ្យមេដឹកនាំក្រុមនេះធានាឲ្យបាននូវការធ្វើនាវាចរណ៍ដោយសេរី ឆ្លងកាត់ច្រកសមុទ្រ Hormuz អំឡុងអាហារពេលល្ងាចការងារ នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង។
សេចក្តីថ្លែងការណ៍ចេញដោយការិយាល័យរបស់លោកស្រី បានឲ្យដឹងថា ការពិភាក្សាដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទ នៅទីក្រុងមាត់បឹង Evian បានផ្តោតលើបញ្ហាប្រឈមអន្តរជាតិធំៗ ដែលរួមមានស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ប្រទេសអ៊ុយក្រែន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។
ជាមួយគ្នានេះ លោកស្រី Takaichi បានស្វាគមន៍ ចំពោះអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានប្រកាសថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយពណ៌នាថា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រាលភាពតានតឹង ក្នុងតំបន់។

ជាងនេះទៀត លោកស្រីបានសរសើរកិច្ចប្រឹងប្រែងការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយបានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ ធានាបាននូវការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz និងឈានដល់ការរៀបចំចុងក្រោយ ដែលរារាំងអ៊ីរ៉ង់កុំឲ្យផលិតបានអាវុធនុយក្លេអ៊ែរ។
ហើយដោយលើកឡើងពីមេរៀននៃវិបត្តិ នៅច្រកសមុទ្រ Hormuz ថ្មីៗនេះ លោកស្រី Takaichi បានស្នើឲ្យមាន «គំនិតផ្តួចផ្តើមសហប្រតិបត្តិការស្តុករួមគ្នា» ក្នុងចំណោមប្រទេស G7 ដើម្បីពង្រឹងការបម្រុងរ៉ែសំខាន់ៗ និងបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានគំនិតដូចគ្នា និងគាំទ្រដល់ប្រទេសដែលមានធនធានច្រើនតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ៕
