ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Al-Zaidi ឲ្យទៅទស្សនកិច្ចសេតវិមាន នៅពាក់កណ្តាលខែកក្កដា ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាកដាដ ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។
លិខិតអញ្ជើញនេះ ត្រូវបានបញ្ជូនដោយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Tom Barrack ក្នុងអំឡុងពេលចរចាជាមួយលោក Al-Zaidi កាលពីថ្ងៃចន្ទ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ និងបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងអធិបតេយ្យភាព និងធានាសុវត្ថិភាពអ៊ីរ៉ាក់ រួមទាំងផែនការដកហូតអាវុធពីក្រុមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅខាងក្រៅការគ្រប់គ្រងរបស់រដ្ឋ និងធានាថា ទឹកដីអ៊ីរ៉ាក់មិនត្រូវបានប្រើដើម្បីគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទេ។
កិច្ចប្រជុំនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម ជាជម្លោះដែលបានរីករាលដាលដល់ប្រទេសអ៊ីរ៉ាក់ តាមរយៈការវាយប្រហារដោយមីស៊ីល និងដ្រូន ដោយក្រុមប្រដាប់អាវុធដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ដែលកំណត់គោលដៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ និងតំបន់ឃើដឌីស្តង់៕
