នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់មេដឹកនាំមីយ៉ាន់ម៉ាថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គួរតែ «រិះរកមាញគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ» ដែល «ទទួលបានការគាំទ្រពីប្រជាជន»។ នេះបើយោងតាមសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ Xinhua។

លោកប្រធានាធិបតី Xi បានធ្វើជាម្ចាស់ផ្ទះទទួលសមភាគីរបស់លោក គឺលោក Min Aung Hlaing បន្ទាប់ពីបានធ្វើពិធីស្វាគមន៍ជាផ្លូវការ សម្រាប់មេដឹកនាំ នៅទីក្រុងប៉េកាំង។
លោក ស៊ី បានប្រាប់មេដឹកនាំរបស់សហភាពមីយ៉ាន់ម៉ាថា៖ «ប្រទេសចិនយកទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាជាអាទិភាព ក្នុងការទូតជិតខាង ហើយគាំទ្ររដ្ឋាភិបាលថ្មីរបស់សហភាពមីយ៉ាន់ម៉ា ក្នុងការសម្របសម្រួលការអភិវឌ្ឍ និងសន្តិសុខ ដើម្បីរិះរកមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងទទួលបានការគាំទ្រពីប្រជាជន»។
លោក Xi ក៏បានបញ្ជាក់ផងដែរថា ច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា នៅតែជាគម្រោងសំខាន់មួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ហើយមេដឹកនាំទាំង២ បានពិភាក្សាអំពីការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈពេលដែលធានាសុវត្ថិភាព និងស្ថិរភាព។
លោក Xi បានសង្កត់ធ្ងន់ថា គម្រោងបែបនេះគួរតែជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា។ ហើយលោកបានបន្ថែមថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំ ចំពោះប្រទេសមីយ៉ាន់ម៉ា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
លោក Min បានទៅដល់ប្រទេសចិន កាលពីថ្ងៃចន្ទ សម្រាប់ទស្សនកិច្ចរយៈពេល ៥ថ្ងៃ តាមការអញ្ជើញរបស់លោក Xi ដែលជាដំណើរលើកដំបូងរបស់លោកមកកាន់ប្រទេសនេះ ចាប់តាំងពីត្រូវបានជ្រើសរើសឲ្យកាន់តំណែងជាប្រធានាធិបតីស៊ីវិល។ លោកត្រូវបានបោះឆ្នោតជ្រើសរើស នៅក្នុងខែមេសា បន្ទាប់ពីបានគ្រប់គ្រងប្រទេស ក្នុងនាមជាប្រមុខយោធាអស់រយៈពេលជាច្រើនឆ្នាំ៕

