ឯកសារដេញថ្លៃបង្ហាញ និងមន្ត្រី បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា យោធាអាមេរិក កំពុងរៀបចំផែនការស្តុកអាវុធត្រៀមសង្គ្រាមអចិន្ត្រៃយ៍សម្រាប់កងម៉ារីនរបស់ខ្លួននៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសអូស្ត្រាលីហួសពីចម្ងាយមីស៊ីលចិនភាគច្រើន។
អ្នកវិភាគបាននិយាយថា ការអភិវឌ្ឍឃ្លាំងស្តុកអាវុធនេះ ដែលជាលើកដំបូងសម្រាប់កងម៉ារីននៅប្រទេសអូស្ត្រាលី បានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិកចង់ទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់ទ្វីបនេះ នៅប៉ាស៊ីហ្វិកខាងត្បូង ដើម្បីទប់ទល់នឹងការកសាងយោធាយ៉ាងឆាប់រហ័សរបស់ ប្រទេសចិន។
កងម៉ារីនអាមេរិកបានចាប់ផ្តើមការរៀបចំសម្ភារៈយោធាជាសកល ក្នុងអំឡុងសង្គ្រាមត្រជាក់ ដោយប្រើប្រាស់ឃ្លាំងស្តុកអណ្តែតទឹកនៅលើនាវា និងរូងភ្នំនៅប្រទេសន័រវែស ជាកន្លែងដែលអាវុធ គ្រាប់រំសេវ និងយានយន្ត ដើម្បីទ្រទ្រង់កងទ័ពរាប់ពាន់នាក់ ត្រូវបានរក្សាទុក។
ឃ្លាំងស្តុកអាវុធដំបូងនៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងបើកនៅឆ្នាំនេះ នៅប្រទេសហ្វីលីពីន ដែលនៅជិតចំណុចផ្ទុះជម្លោះដែលអាចកើតមាននៅសមុទ្រចិនខាងត្បូង៕

