រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅថ្ងៃអង្គារនេះថា ការបញ្ចប់សង្គ្រាមលើគ្រប់វិស័យទាំងអស់ រួមទាំងប្រទេសលីបង់ គឺជាបញ្ហា «សំខាន់បំផុត» នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីថ្ងៃចន្ទ។
លោក Araghchi បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយអ្នកការទូតបរទេសដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា «ចំណុចសំខាន់ដែលខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះ គឺថា តាមទស្សនៈរបស់យើង មានភាគីពីរ នៅក្នុងអនុស្សរណៈនេះ ម្ខាងគឺអាមេរិក និងអ៊ីស្រាអែល និងម្ខាងទៀត គឺអ៊ីរ៉ង់ និងក្រុមហេសបូឡា»។

លោកបាននិយាយថា៖«នេះប្រហែលជាបញ្ហាសំខាន់បំផុតនៅក្នុងអនុស្សរណៈនៃការយោគយល់ ការប្រកាសបញ្ចប់សង្គ្រាមជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ» ដោយបន្ថែមថា «ការបញ្ចប់សង្គ្រាមនៅលីបង់ គឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីការបញ្ចប់សង្គ្រាមទាំងស្រុង»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីអនុស្សរណៈនៃការយោគយល់ដើម្បីបញ្ចប់ជម្លោះ ដែលបានផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និងបានធ្វើឲ្យប៉ះពាល់មជ្ឈិមបូព៌ាយ៉ាងធ្ងន់ធ្ងរ៕
