ប្រភពការទូតពីបារាំងមួយរូប បាននិយាយថា បណ្ដាប្រទេសមានឥទ្ធិពលឈានមុខគេទាំង៧ ឬ G7 បានយល់ព្រមបង្កើនសម្ពាធ លើរុស្ស៊ី ដើម្បីឲ្យបញ្ចប់សង្គ្រាមរបស់ខ្លួន លើអ៊ុយក្រែន តាមរយៈការដាក់ទណ្ឌកម្មថាមពលបន្ថែមទៀត។
បន្ទាប់ពីកិច្ចពិភាក្សា នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Evian-les-Bains របស់បារាំង ប្រភពនេះបាននិយាយថា៖ «មេដឹកនាំទាំងអស់បានសម្រេចនៅថ្ងៃនេះ បង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មលើឧស្ម័ន និងប្រេង»។

នៅមុននេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រុស្ស៊ីគួរតែធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ដោយបន្ថែមថា លោកនឹងធ្វើអ្វីដែលលោកអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាមនេះ បន្ទាប់ពីមាននូវកិច្ចប្រជុំ «ដ៏ល្អ» រវាងប្រធានាធិបតី លោក Volodymyr Zelensky និងមេដឹកនាំ G7។ លោក Trump បាននិយាយថា៖ «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន»។
លោក Zelensky និងអ្នកការទូតអឺរ៉ុប សង្ឃឹមថា នឹងធ្វើឲ្យលោក Trump ចាប់អារម្មណ៍ថា ស្ថានភាពរបស់អ៊ុយក្រែន បានប្រសើរឡើង ខណៈដែលទីក្រុងគីវ ជំរុញឲ្យមានការគាំទ្របន្ថែមទៀត ដើម្បីពង្រឹងការមានប្រៀបរបស់ខ្លួន នៅក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ៕
