បាល់ទាត់៖ ការប្រកួតក្របខណ្ឌ UEFA Champions League នឹងឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះហើយ ខណៈក្រុមជើងឯកអង់គ្លេស Manchester City បើកទ្វារកីឡដ្ឋាន Etihad ទទួលស្វាគមន៍ក្រុមយក្សអេស្ប៉ាញ Real Madrid ជើងទី១។

Manchester City មិនដែលស្គាល់ពាក្យថាជើងឯក UCL នេះឡើយបានត្រឹមឡើងដល់វគ្គផ្តាច់ព្រ័ត្ររដូវកាលមុន តែចាញ់ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែល Real Madrid គឺជាជើងឯក ១៣សម័យឯណោះ។ ជុំវិញរឿងនេះអ្នកចាត់ការអេស្ប៉ាញ Pep Guardiola បាននិយាយថា វាមិនចាំបាច់ទេនឹងនិយាយថា Real Madrid ជាក្រុមខ្លាំងប៉ុណ្ណានោះ។ បើយើងប្រកួតប្រវត្តិសាស្ត្រច្បាស់ណាស់ថា Manchester City ចាញ់ Real Madrid តែនេះជារឿងបច្ចុប្បន្ន ១១នាក់ទល់នឹង ១១នាក់ បាល់មួយ អ្វីៗមិនអាចនិយាយទុកមុនបាន។ នេះជាលើកទី៣ ក្នុងរយៈពេល ៧រដូវកាលចុងក្រោយដែល Manchester City ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ខណៈ Real Madrid ឡើងមកដល់វគ្គនេះលើកទី១០ ក្នុង ១២រដូវកាលចុងក្រោយ និងកំពុងស្រែកឃ្លានជើងឯកក្រោយខកខានឡើងវគ្គផ្តាច់ព្រ័ត្រតាំងពីឆ្នាំ២០១៨ នៅពេលយកឈ្នះ Liverpool នៅវគ្គផ្តាច់ព្រ័ត្រ។

Manchester City កំពុងនាំមុខ ១ពិន្ទុលើ Liverpool នៅ Premier League ខណៈ Real Madrid កំពុងនាំមុខដាច់ ១៥ពិន្ទុពី Barcelona នៅ La Liga និងត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯក។ ក្រុមទាំងពីរមានប្រវត្តិជួបគ្នាច្រើនលើកដែរនៅ UEFA Champions League ខណៈចុងក្រោយបំផុតនៅឆ្នាំ២០២០ Manchester City បានយកឈ្នះ Real Madrid ទាំងពីរជើងនៅវគ្គ ១៦ក្រុមចុងក្រោយក្នុងរដូវកាលដែលមានវិបត្តិជំងឺរាតត្បាតកូវីដ-១៩៕
អត្ថបទ៖នាង សុភាវុធ