រដ្ឋមន្ត្រីការបរទេសទួរគី បាននិយាយនៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះថា លោកបានប្រាប់សមភាគីរុស្ស៊ីរបស់លោក អំពីតម្រូវការ ក្នុងការបញ្ចៀសវិធានការ នៅក្នុងសមុទ្រខ្មៅ ដែលគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ និងផលប្រយោជន៍របស់ទួរគី ដោយបន្ថែមថា លោកក៏បានលើកឡើងម្តងទៀតផងដែរ អំពីការស្នើរបស់ទួរគី ក្នុងការសម្របសម្រួល រវាងទីក្រុងគីវ និងមូស្គូ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារដោយយានដ្រូនលើនាវាដឹកប្រេងនៅជិតឆ្នេរសមុទ្រភាគខាងជើងរបស់ទួរគី រួមទាំងការវាយប្រហារមួយ លើនាវាជាកម្មសិទ្ធិរបស់ទួរគីផងដែរ។ ទីក្រុង Ankara បានដាក់ការតវ៉ាទៅកាន់ទីក្រុងគីវ និងមូស្គូ ជុំវិញករណីនេះ។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អាទិភាព សម្រាប់ទួរគី ដែលបានរៀបចំកិច្ចចរចាដោយផ្ទាល់ជុំមុនៗ រវាងអ៊ុយក្រែន និងរុស្ស៊ី គឺធ្វើយ៉ាងណាឲ្យភាគីទាំង២ ចាប់ផ្ដើមការចរចាឡើងវិញ និងបញ្ចប់សង្គ្រាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានបន្តថា៖ «ខ្ញុំបានបង្ហាញពីការត្រៀមខ្លួនរបស់យើង ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំបន្ទាប់ម្តងទៀត ។ ប្រសិនបើភាគីទាំង២ យល់ព្រម យើងក៏ត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីពិភាក្សាអំពីរបៀបដែលការចរចាអាចបន្តតាមរបៀបដែលផ្តោតលើលទ្ធផលកាន់តែច្រើនបន្ថែមទៀត»។
លោក Fidan បានបន្ថែមថា៖ «ខ្ញុំបានជម្រាបជូនសមភាគីរបស់ខ្ញុំ អំពីការរំពឹងទុករបស់យើង ក្នុងការជៀសវាងកុំឲ្យមានឧប្បត្តិហេតុណាមួយដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសយើង នៅក្នុងសមុទ្រខ្មៅ»៕