ជនប៉ាឡេស្ទីនទាំងអស់នៅក្នុងតំបន់ហ្កាហ្សា ធ្លាប់បានសង្ឃឹមថា ពួកគេនឹងត្រូវរួមបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងថ្មីដែលត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តែផ្ទុយទៅវិញពួកគេត្រូវបានបោះបង់ចោលដដែល ។
កិច្ចព្រមព្រៀងសន្តិភាពសហរដ្ឋអាមេរិក-អ៊ីរ៉ង់ បានក្លាយជាការទម្លុះភាពទាល់ច្រកធំបំផុតឆ្ពោះទៅរកការដោះស្រាយជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារថាមពល ចាប់តាំងពីវាចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមដៃគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។
អនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។ ដោយឡែក លក្ខខ័ណ្ឌច្បាស់លាស់ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។
លោក Jamal Ayad គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា ពួកយើងមានសង្ឃឹមខ្ពស់ថា វានឹងបញ្ចប់ការរងគ្រោះរបស់ពលរដ្ឋនៅតំបន់ហ្កាហ្សា ។
លោកបន្តថា ពួកយើងពិតជាហត់នឿយខ្លាំងណាស់ ។ ពិភពលោកទាំងមូលពុំបានសំឡឹងមើលពួកយើងនោះទេ ហើយពួកយើងលែងអាចទទួលយកបានទៀតហើយ ពួកយើងរស់នៅតាមដងផ្លូវ ពួកយើងមិនអាចស៊ូទ្រាំនឹងការរស់នៅបែបនេះបានទៀតនោះទេ ។
សូមបញ្ជាក់ថា ប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលសំខាន់ បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕