អ្នកតំណាងមកពីអង្គការ UNESCO បានធ្វើដំណើរទៅកាន់ប្រាសាទ Kyiv Pechersk Lavra ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ក្រោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ។
អ្នកស្រី Chiarra Dezzi Bardeschi គឺជាមន្រ្តីទំនាក់ទំនងនៅអ៊ុយក្រែនសម្រាប់អង្គការ UNESCO ត្រូវបានរួមដំណើរដោយលោក Matthias Schmale ដែលជាអ្នកសម្របសម្រួលមនុស្សធម៌អង្គការសហប្រជាជាតិ(UN)នៅអ៊ុយក្រែន ដែលបាននិយាយថា ការខូចខាតប្រាសាទមានអាយុការ ១ពាន់ឆ្នាំមួយនេះ មានវិសាលភាពធំធេងខ្លាំងណាស់ ។
គួរឲ្យដឹងថា ប្រាសាទ Kyiv Pechersk Lavra ដែលជានិមិត្តរូបនៃប្រវត្តិសាស្រ្តសាសនា និងវប្បធម៌អ៊ុយក្រែន ដែរនោះ បានរងការឆាបឆេះកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។
លោក Tymur Tkachenko គឺជារដ្ឋបាលយោធាក្រុងគីវ និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ប្រាសាទ Kyiv Pechersk Lavra ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ត្រូវបានកសាងឡើងកាលពីឆ្នាំ ១០៥១ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់របស់រុស្ស៊ី ។
ការវាយប្រហារលើប្រាសាទ Kyiv Pechersk Lavra នាំឲ្យមានការថ្កោទោសយ៉ាងខ្លាំងពីអន្តរជាតិផងដែរ ក្នុងនោះ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot ចាត់ទុកការវាយប្រហារលើប្រាសាទ Kyiv Pechersk Lavra ថាដូចគ្នានឹងការបំផ្ទុះគ្រាប់បែកនៅប្រាសាទ Notre Dame របស់ទីក្រុងប៉ារីស ឬព្រះវិហារ Basilica ឬក៏ប្រាសាទ Saint Denis ។
លោក Barrot និយាយពេលលោកមកដល់សម្រាប់ជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបថា នេះគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលស្មើនឹងពួកយើងនៅបារាំង ពេលដែលប្រសាទ Notre Dame ឬប្រាសាទ Saint Denis ត្រូវបានគេបំផ្ទុះគ្រាប់បែក ដែលនេះជារឿងមិនអាចទទួលយកបានទាំងស្រុង ៕