នៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ វិមានក្រឹមឡាំង បានបដិសេធថា ខ្លួនមិនបានទទួលការអញ្ជើញជាផ្លូវការណាមួយឡើយ ដើម្បីឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7)។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មិនមានសំណើផ្លូវការណាមួយ ត្រូវបានផ្ញើតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការនោះទេ ដោយបន្ថែមថា មិនមានការទាក់ទងផ្លូវការ រវាងទីក្រុងមូស្គូ និងគីវឡើយ។
លោក Peskov បាននិយាយថា៖ «ដូចអ្នកបានដឹងហើយថា មិនមានបណ្តាញផ្លូវការ រវាងទីក្រុងមូស្គូ និងគីវទេ»។ ហើយលោកក៏បានបញ្ជាក់ជាថ្មី អំពីជំហររបស់ទីក្រុងមូស្គូ ដែលថា លោក Putin បានគូសបញ្ជាក់រួចហើយ អំពីលក្ខខណ្ឌ សម្រាប់ការសន្ទនា និងបានលើកឡើងថា លោក Zelensky អាច «មកកាន់ទីក្រុងមូស្គូ» ប្រសិនបើលោកត្រៀមខ្លួន សម្រាប់ការចរចា «ប្រាកដប្រជា»។
ការបដិសេធនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Zelensky បាននិយាយថា លោកបានស្នើឲ្យមានកិច្ចប្រជុំជាមួយលោក Putin នៅឯកិច្ចប្រជុំកំពូលរបស់ G7 ក្នុងប្រទេសបារាំង។ ប្រភពមួយដែលត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន RBC-Ukraine បាននិយាយថា ការស្នើនេះ ត្រូវបានផ្ញើតាមរយៈបណ្តាញជាច្រើន ក្នុងនោះរួមទាំងអន្តរការី និងទំនាក់ទំនងការទូតផងដែរ ប៉ុន្តែទីក្រុងមូស្គូមិនបានឆ្លើយតបយ៉ាងច្បាស់លាស់ឡើយ។
គួរបញ្ជាក់ថា លោក Zelensky បានជំរុញម្តងហើយម្តងទៀតឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយលោក Putin ក្នុងនោះរួមទាំងនៅក្នុងលិខិតចំហមួយ កាលពីថ្ងៃទី៤ ខែមិថុនា ដោយអំពាវនាវឲ្យមានកិច្ចប្រជុំទល់មុខគ្នា ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម៕