អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ថា ការចរចាជាមួយសហរដ្ឋអាមេរិកស្តីពីកម្មវិធីនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួន ទំនងជានឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ខណៈប្រធានាធិបតី លោក Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញទាំងស្រុង នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។

មន្ត្រីនិយាយថា ការចរចាស្តីពីកិច្ចព្រមព្រៀងចុងក្រោយនឹងកើតឡើងក្នុងរយៈពេលជាក់លាក់៦០ថ្ងៃ បន្ទាប់ពីអនុស្សរណៈនៃការយោគយល់ដើម្បីបញ្ចប់សង្គ្រាមជិតបួនខែដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាជាក់ស្តែង។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា «ទំនងជានៅថ្ងៃសុក្រ នៅទីតាំងមួយកន្លែងដែលនឹងត្រូវបានកំណត់ ការចរចាជុំថ្មីរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នឹងចាប់ផ្តើម»។

យោងតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយឲ្យដឹងថា លោក Mohammad Bagher Ghalibaf អ្នកចរចាជាន់ខ្ពស់របស់សាធារណរដ្ឋអ៊ីស្លាម នឹងចូលរួមក្នុងការចុះហត្ថលេខានៅប្រទេសស្វីស។
ក្រសួងការបរទេសស្វីសបានប្រាប់ សារព័ត៌មានAFP ថា ទីតាំងនៅតំបន់ភ្នំ «ត្រូវបានស្នើឡើងដោយអ្នកសម្របសម្រួលប្រទេសប៉ាគីស្ថាន និងប្រទេសកាតា ព្រមទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់»។ ភាគីសហរដ្ឋអាមេរិកនឹងត្រូវបានតំណាងដោយអនុប្រធានាធិបតី លោក JD Vance ដែលបាននិយាយថា លោក Trump ផ្ទាល់ ក៏ប្រហែលជាចូលរួមផងដែរ។