យោងតាមប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ការផ្ទុះឡើងជំងឺអេបូឡាបច្ចុប្បន្ននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) អាចក្លាយជាជំងឺដ៏កាចសាហាវនិងអាក្រក់បំផុតក្នុងកំណត់ត្រា។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនករណីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៨៣៧ ករណី រួមទាំងអ្នកស្លាប់ចំនួន ១៩៦នាក់។ លោក Jean Kaseya អគ្គនាយកមជ្ឈមណ្ឌល CDC អាហ្វ្រិក បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំអាហ្វ្រិក និងអ្នកផ្តល់ជំនួយអន្តរជាតិនៅប្រទេសប៊ូរុនឌី កាលពីថ្ងៃអង្គារថា «ប្រសិនបើយើងមិនបញ្ឈប់ការផ្ទុះឡើងជំងឺនេះឱ្យបានឆាប់រហ័សនោះទេ វានឹងកាន់តែអាក្រក់ជាងអ្វីដែលយើងធ្លាប់ជួបប្រទះនៅអាហ្វ្រិកខាងលិច និងនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។

ថ្លែងទៅកាន់សារព័ត៌មាន Al Jazeera លោក Kaseya បាននិយាយថា មនុស្សរាប់ម៉ឺននាក់ដែលបានប៉ះពាល់នឹងជំងឺអេបូឡា នៅមិនទាន់ត្រូវបានតាមដានឬទាក់ទងនៅឡើយទេ។ យើងពុំទាន់រកឃើញអ្នកប៉ះពាល់ជាង២៦.០០០នាក់ដោយយើងមិនដឹងថាពួកគេនៅទីកន្លែងណា ហើយយើងមិនដឹងថាពួកគេកំពុងចម្លងវីរុសដល់អ្នកដទៃប៉ុន្មាននាក់ទៀតនោះទេ។
លោក Bruno Michon អ្នកគ្រប់គ្រងប្រតិបត្តិការសម្រាប់សហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ បាននិយាយថា «យើងខ្លាចថា ជំងឺនេះអាចមានរយៈពេលមួយឆ្នាំដើម្បីបញ្ចប់វាបាន»។ ការឆ្លើយតបត្រូវបានរារាំងដោយកង្វះមជ្ឈមណ្ឌលព្យាបាល និងដោយការតតាំងរបស់សហគមន៍ចំពោះវិធានការអនាម័យតឹងរ៉ឹង។