បាល់ទាត់៖ ខ្សែការពារវ័យចំណាស់អ៊ីតាលី Giorgio Chiellini បានប្រកាសចូលនិវត្តន៍ពីក្រុមជំរើសជាតិហើយតែមិនមែនពេលនេះទេ គឺបន្ទាប់ពីការប្រកួតមិត្តភាពជាមួយក្រុមជំរើសជាតិអាហ្សង់ទីននៅកីឡដ្ឋាន Wembley នៅខែមិថុនាខាងមុខ។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអ៊ីតាលីសរុប ១១៦ប្រកួត តែសោកស្ដាយដែលក្រុម អ៊ីតាលីមិនមានមុខនៅ World Cup 2022 នៅកាតាចុងឆ្នាំនេះ។ Giorgio Chiellini បានបង្ហាញខ្លួនដំបូងឱ្យអ៊ីតាលីនៅឆ្នាំ២០០៤ និងជាតួអង្គសំខាន់របស់អ៊ីតាលីដែលយកឈ្នះអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រលើកពានជើងឯកអឺរ៉ុប UEFA Euro 2020។ Chiellini ដែលជាសមាជិកអ៊ីតាលីឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០១២ ដែរនោះឈរនៅតំណែងលេខ៥ ជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេឱ្យក្រុមជំរើសជាតិអ៊ីតាលីស្មើគ្នាជាមួយ Andrea Pirlo តាមពីក្រោយ Daniele de Rossi, Paolo Maldini, Fabio Cannavaro និង Gianluigi Buffon៕
អត្ថបទ៖នាង សុភាវុធ