ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា បន្ទាប់ពីមានព័ត៌មានអំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជនភៀសខ្លួនបានចាប់ផ្តើមវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅភាគខាងត្បូងប្រទេសលីបង់វិញ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា គ្រួសារមួយចំនួនកំពុងវិលត្រឡប់ទៅកាន់សហគមន៍ដើមរបស់ពួកគេដោយប្រុងប្រយ័ត្ន បន្ទាប់ពីការប្រកាសកាលពីថ្ងៃអាទិត្យអំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរាយការណ៍ថារួមមានការបញ្ឈប់អរិភាពនៅក្នុងប្រទេសលីបង់ដែរនោះ។
យោងតាមអាជ្ញាធរលីបង់ ចំនួនជនភៀសខ្លួនដែលត្រូវបានដាក់នៅក្នុងជម្រកសមូហភាពបានថយចុះប្រហែល ១០.០០០នាក់ ក្នុងរយៈពេល ៤ថ្ងៃ កន្លងមក។ នៅក្នុងខេត្តភាគខាងត្បូង មនុស្សប្រហែល ២.៧០០ នាក់ ត្រូវបានគេរាយការណ៍ថា បានចាកចេញពីជម្រកសមូហភាពកាលពីថ្ងៃចន្ទ។ នេះបើយោងតាម OCHA។
ទោះជាយ៉ាងណាក៏ដោយ ការិយាល័យនេះបាននិយាយថា នៅតែពុំទាន់ច្បាស់ថាតើការវិលត្រឡប់ទាំងនេះគឺជាការធ្វើដំណើរបណ្តោះអាសន្ន ដើម្បីទៅពិនិត្យមើលទ្រព្យសម្បត្តិរបស់ពួកគេ ឬការវិលត្រឡប់ជា អចិន្ត្រៃយ៍នោះទេ។
OCHA បានបន្ថែមថា ឧប្បត្តិហេតុហិង្សានៅភាគខាងត្បូងប្រទេសលីបង់ នៅតែបន្តត្រូវបានរាយការណ៍ ដែលប៉ះពាល់ដល់សមត្ថភាពរបស់ប្រជាជនក្នុងការផ្លាស់ទីដោយសុវត្ថិភាព៕

