អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ លោក Tom Fletcher បានព្រមានកាលពីថ្ងៃអង្គារថា វិបត្តិអត់ឃ្លាននៅក្នុងប្រទេសយេម៉ែន កំពុងកាន់តែអាក្រក់ឡើងៗ ដោយចំនួនប្រជាជនដែលមិនអាចបំពេញតម្រូវការអាហារជាមូលដ្ឋាន បានកើនឡើងពីប្រហែលពាក់កណ្តាលដល់ជិត ៦០ ភាគរយ ក្នុងរយៈពេលមួយខែ ដោយអំពាវនាវឲ្យមានមូលនិធិជាបន្ទាន់ ដើម្បីទប់ស្កាត់ស្ថានភាពនេះពីការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរថែមទៀត។
ចំនួនប្រជាជនយេម៉ែនដែលប្រឈមនឹងកម្រិតនៃការខ្វះខាតធ្ងន់ធ្ងរបំផុត បានកើនឡើងពីម្នាក់ក្នុងចំណោម ៤នាក់ មកម្នាក់ក្នុងចំណោមបីនាក់។ លោក Fletcher បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា មនុស្សជាង ១៨ លាននាក់ ជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះ ឥឡូវនេះកំពុងជួបប្រទះនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។

នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល មនុស្សប្រហែល ៥ លាននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ខណៈដែលជាងមួយភាគបួន កំពុងជួបប្រទះនឹងកម្រិតបន្ទាន់នៃអសន្តិសុខស្បៀង។ ទោះបីជាមិនមានទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់តំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីក៏ដោយ លោក Fletcher បាននិយាយថា ស្ថានភាពនេះមិនគួរត្រូវបានបកស្រាយថា ជាកង្វះខាតតម្រូវការមនុស្សធម៌ នោះទេ។
លោកបានអំពាវនាវឲ្យមានការបង្កើនមូលនិធិអន្តរជាតិ ដោយកត់សម្គាល់ថា ការអំពាវនាវមនុស្សធម៌សម្រាប់ប្រទេសយេម៉ែន បានទទួលហិរញ្ញប្បទានតិចជាង ១៥ ភាគរយនៃហិរញ្ញប្បទានដែលត្រូវការ៕
