អ្នកផ្សាយព័ត៌មានវិទ្យុ និងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC អង្គភាពសម្រាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) បន្តទាមទារឲ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសសម្របសម្រួលជាមួយពួកគេ ទោះបីជាសហរដ្ឋអាមេរិក បានដកការបិទផ្លូវទឹករបស់ខ្លួនក៏ដោយ។
យោងតាមរបាយការណ៍ កងកម្លាំងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាម នៅតែបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា នាវាទាំងអស់ដែលចង់ឆ្លងកាត់ច្រកសមុទ្រហ័រមូស គួរតែរក្សាការសម្របសម្រួលជាមួយកងទ័ពជើងទឹក IRGC។
អ្នកផ្សាយព័ត៌មានអ៊ីរ៉ង់នោះ ក៏បាននិយាយផងដែរថា នាវាអ៊ីរ៉ង់ទាំងអស់ កំពុងឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានការរារាំង ហើយមាននាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿង កំពុងស្ថិតនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌា ខណៈដែលនាវាពីរគ្រឿងទៀត បានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់រួចហើយ។
នាពេលមុននេះ តំណាងផ្លូវការរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៩ ខែមិថុនានះ៕

