កំពង់ចាម៖ នៅថ្ងៃទី២៦ ខែមេសា២០២២នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគល់សំណង់អនាម័យទឹកស្អាត ដែលជាជំនួយឧបត្ថម្ភថវិកា ដោយបាកបាទក្រហមសិង្ហបុរី ជូនដល់សាលារៀនគោលដៅចំនួន៧នៅក្នុងខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងក្នុងបរិវេណ សាលាបឋមសិក្សាអណ្តូងតាអ៊ុង និងអនុវិទ្យាល័យព្រែកក្របៅ នៃស្រុកកងមាសខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមផងដែរ ។
ក្នុងឱកាសប្រគល់-ទទួលនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលសម្ដេចតែងតែមានក្ដីនឹករលឹក និងការអាណិតអាសូរជានិច្ច ចំពោះសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាតទឹកស្អាតប្រើប្រាស់។
ជាមួយគ្នានេះលោកជំទាវ មានប្រសាសន៍ថា សំណង់អនាម័យទឹកស្អាតទាំងនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងសាលារៀនទាំង៧គោលដៅនេះ។ ព្រោះថា សំណង់ទាំងនេះ បានសាងសង់ឡើងនៅតាមទីទួលសុវត្ថិភាពពេលមានទឹកជំនន់ និងសាលារៀនដែលមានតម្រូវការជាអាទិភាព អំពីអនាម័យ និងទឹកស្អាត។
លោកជំទាវឱ្យដឹងថា ដោយពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងនោះសាខាបានសម្រេចផ្តល់ជូនដល់សាលារៀនគោលដៅចំនួន៧ ក្នុងឃុំ៧ នៃស្រុក៥រួមមាន៖ ស្រុកកងមាស,ស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកស្ទឹងត្រង់, និងស្រុកចំការលើ។ ដោយសំណង់អនាម័យទឹកស្អាតទាំងនេះ បានផ្តល់ជូនសម្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូប្រើប្រាស់ ដើម្បីលើកកម្ពស់សុខភាពអនាម័យ ចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក៏ដូចជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ហើយបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពនេះ។
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ដែលទទួលផលពីសំណង់ អនាម័យ ទឹក ស្អាតនេះ សូមគោរពសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យជាប្រចាំ។
សូមបញ្ជាក់ថា តាមរយៈជំនួយពីកាកបាទក្រហមសិង្ហបុរី កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល រួមជាមួយសាខាខេត្តកំពង់ចាម បានសាងសង់អណ្តូងស្នប់បំពាក់ម៉ូទ័រ២កន្លែង ស្ថានីយលាងដៃ៨កន្លែង បង្គន់អនាម័យសង់ថ្មី១ខ្នង៣បន្ទប់ ជួសជុលបង្គន់អនាម័យ១ខ្នង៤បន្ទប់ និងតម្លើងស៊ីទែនទឹកថ្មីចំណុះ២០០០លីត្រ ជាមួយជើងទម្រ១ ជូនដល់សាលារៀនគោលដៅចំនួន៧ នៅក្នុងខេត្តកំពង់ចាម គិតជាទឹកប្រាក់ចំនួន ២៤ ២០០ដុល្លាអាមេរិក៕






