នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ បាននិយាយថា ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី ១គ្រឿង នៅក្បែរទូកកម្សាន្ត ១គ្រឿង នៅក្នុងច្រកសមុទ្រអង់គ្លេស (ផ្លូវទឹកខណ្ឌចែកអង់គ្លេស និងបារាំង) គឺជាការ «មិនប្រុងប្រយ័ត្ន» ប៉ុន្តែមិនមែនជា «ការគំរាមកំហែង» ទេ ដោយនេះជាភាពតានតឹងចុងក្រោយបំផុត នៅសមុទ្រ រវាងទីក្រុងឡុងដ្រ៍ និងមូស្គូ។

ប្រភពពីក្រសួងការពារជាតិអង់គ្លេស បានប្រាប់សារព័ត៌មាន AFP ថា ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងទូកកម្សាន្តចុះបញ្ជីនៅចក្រភពអង់គ្លេស និងនាវាចម្បាំងរុស្ស៊ី Admiral Grigorovich បានកើតឡើងប្រហែល ២០ម៉ាយល៍ (ប្រមាណ ៣២គីឡូម៉ែត្រ) នៅភាគខាងត្បូងនៃកោះ Isle of Wight ដែលមានចម្ងាយតែបន្តិចនៃភាគខាងត្បូងដែនទឹកអង់គ្លេស កាលពីថ្ងៃអង្គារ។
ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា នាវារុស្ស៊ីបានបាញ់ ដើម្បីបញ្ចៀសការបុកគ្នា ដោយប្រភពការពារជាតិបានប្រាប់សារព័ត៌មាន AFP ថា នាវាចម្បាំងនេះត្រូវបានគេជឿថា «កំពុងបណ្ដែតខ្លួនយឺតៗ មិនមែនធ្វើដំណើរដោយកម្លាំងម៉ាស៊ីនឡើយ ដែលអាចធ្វើឲ្យនាវានេះមានអារម្មណ៍ងាយរងគ្រោះ»។
បន្ទាប់ពីមានឧប្បត្តិហេតុនេះ ដែលបានកើតឡើងក្រោយកងកុម្ម៉ង់ដូអង់គ្លេស បានស្ទាក់ និងឡើងលើនាវាចម្បាំងសង្ស័យជានាវាស្រមោលរបេស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ នៅក្នុងផ្នែកដូចគ្នានៃច្រកសមុទ្រនេះ លោក Starmer បាននិយាយថា៖ «ខ្ញុំគិតថា ជាការធ្វេសប្រហែស»។
លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ GB News ថា ប៉ុន្តែការវាយតម្លៃរបស់ក្រសួងការពារជាតិ គឺថា មិនមានអ្វី «គំរាមកំហែងបន្ថែម» ទៀតទេ ពីនាវានេះ។ យ៉ាងណាក្ដី លោកបានបន្ថែមថា ហេតុការណ៍នោះ មិនបានត្រូវ «ដកចេញឡើយ ពីអ្វី ដែលថា ច្បាស់ណាស់ រុស្ស៊ីកំពុងមានសកម្មភាពបង្កហេតុនៅទូទាំងអឺរ៉ុប»៕

