លោក Sergey Shoygu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានអះអាងនៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរារាំងការអនុវត្តកិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ ២០២២ ស្តីពីអ៊ុយក្រែន ទោះបីជាមានកិច្ចប្រឹងប្រែង ពីរុស្ស៊ី និងទួរគី ដើម្បីបញ្ចប់ឲ្យបានសព្វគ្រប់ក៏ដោយ។
ដោយបាននិយាយ អំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅទីក្រុងមូស្គូ លោក Shoygu បានលើកឡើងថា ទីក្រុងមូស្គូ និងអង់ការ៉ា បានធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចព្រមព្រៀង និងបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការអនុវត្ត។
លោក Shoygu បាននិយាយបន្តថា៖ «នាពេលនោះ កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុល ត្រូវបានរៀបចំឡើងតាមរយៈកិច្ចប្រឹងប្រែងរួមគ្នា។ ប្រសិនបើមិនមែន ដោយសារការជ្រៀតជ្រែករបស់លោកខាងលិចទេ យើងមានឱកាសគ្រប់យ៉ាង ដើម្បីបញ្ចប់ការងារនេះ»។
ជាមួយគ្នានេះ លោក Shoygu ក៏បានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ផងដែរថា មិនបានបំពេញកាតព្វកិច្ច ទាក់ទងនឹងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ នៅសមុទ្រខ្មៅ។
ដោយសំដៅទៅលើ UN និងលោក Guterres លោក Shoygu បាននិយាយថា៖ «ប្រទេសរុស្ស៊ី និងទួរគី បានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ។ អ្នកចូលរួមតែមួយគត់ដែលមិនបានអនុវត្តការប្ដេជ្ញាចិត្តដែលខ្លួនបានអនុវត្ត គឺភាគីទី៣ នៃកិច្ចព្រមព្រៀងនេះ»។
មន្ត្រីរុស្ស៊ីរូបនេះបានបញ្ជាក់ពីអ្វីដែលលោកបានពិពណ៌នាថា ជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព រវាងទីក្រុងមូស្គូ និងអង់ការ៉ា លើបញ្ហាជាច្រើន៕