ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយនៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកមិនបានផ្ដាច់ខ្លួនពីអឺរ៉ុបនោះឡើយ បើទោះបីជាប្រកាសកាត់បន្ថយធនធានដែលខ្លួនផ្តល់ជូនសម្ព័ន្ធមិត្តនេះក៏ដោយ។
លោក Rutte បាននិយាយនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូថា៖ «ក្នុងករណីខ្លះ រឿងនេះ ត្រូវបានគេចាត់ទុកជាបញ្ហា ខណៈដែលសហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីសម្ព័ន្ធមិត្តរបស់ខ្លួន។ ប៉ុន្តែនោះមិនមែនជាការពិតឡើយ»។
ទីក្រុងវ៉ាស៊ីនតោនបានប្រាប់សម្ព័ន្ធមិត្តថា ខ្លួនកំពុងកាត់បន្ថយធនធានដែលខ្លួនផ្ដល់ដល់មេបញ្ជាការរបស់អង្គការណាតូ ដើម្បីប្រើប្រាស់ ខណៈដែលខ្លួនរំពឹងថា បណ្ដាប្រទេសអឺរ៉ុបនឹងទទួលខុសត្រូវចម្បង ចំពោះការការពារធម្មតារបស់ពួកគេ។
លោក Rutte បាននិយាយថា៖ «សហរដ្ឋអាមេរិកបានកែសម្រួលការសន្យារបស់ខ្លួន ចំពោះគំរូកងកម្លាំង នៅអង្គការណាតូ។ នេះមិនមែនពាក់ព័ន្ធជាចម្បងនឹងកងកម្លាំង និងធនធានស្ថិតនៅបច្ចុប្បន្ននោះទេ ប៉ុន្តែពាក់ព័ន្ធនឹងអ្នកណា នឹងធ្វើអ្វី ប្រសិនបើផែនការការពារជាតិរបស់យើង ត្រូវបានធ្វើឲ្យដំណើរការ»។
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានរាយការណ៍ថា ការកាត់បន្ថយនេះ រួមមានយន្តហោះចម្បាំង F-16 និង F-15 របស់សហរដ្ឋអាមេរិក ១ភាគ៣ ក្នុងចំណោមយន្តហោះចម្បាំងចំនួន ១៥០គ្រឿងដែលត្រូវបានកំណត់ទុក សម្រាប់អង្គការណាតូ បូករួមទាំងយន្តហោះចាក់ប្រេង និងយន្តហោះឈ្លបយកការណ៍ យន្តហោះទម្លាក់គ្រាប់បែក និងយានដ្រូន។ របាយការណ៍ទាំងនោះ បានបន្ថែមថា នាវាមុជទឹក ១គ្រឿង ដែលអាចបាញ់មីស៊ីលតម្រង់គោលដៅ ក៏កំពុងត្រូវបានដកចេញផងដែរ រួមជាមួយក្រុមនាវាផ្ទុកយន្តហោះ ១ ក្នុងចំណោម ២ក្រុម៕