ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃព្រហស្បតិ៍ ១៨មិថុនាសប្ដាហ៍នេះថា រុស្ស៊ីបានវាយប្រហារទីក្រុងគីវដោយមីស៊ីល ខណៈពួកគេបានជំរុញឱ្យប្រជាជនជ្រកកោនកន្លែងមានសុវត្ថិភាពប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Volodymyr Zelenskyy បាននិយាយជាមួយប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុប។

អ្នកមើលឃើញហេតុការណ៍ម្នាក់របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឮសំឡេងផ្ទុះនៅក្នុងទីក្រុងគីវ ខណៈក្រុមអាជ្ញាធរនៃទីក្រុង Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន និយាយថា មនុស្សម្នាក់បានស្លាប់ ក្នុងការវាយប្រហារដោយយានដ្រូន ខណៈការប្រកាសអាសន្នពីការវាយប្រហារតាមអាកាសត្រូវបានចេញសម្រាប់ទឹកដីភាគច្រើនរបស់អ៊ុយក្រែន។

ក្រុមឆ្លើយតបបន្ទាន់បានព្យាយាមពន្លត់អណ្ដាតភ្លើង និងជម្លៀសពលរដ្ឋក្នុងទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។
លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុងគីវ បាននិយាយលើ Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា សត្រូវកំពុងវាយប្រហាររដ្ឋធានីដោយមីស៊ីលផ្លោង។សូមស្នាក់នៅកន្លែងសុវត្ថិភាពរហូតដល់ការជូនដំណឹងអំពីការវាយប្រហារតាមអាកាសចប់។
នៅប្រទេសបារាំង លោក Zelenskyy បញ្ជាក់ថា លោកបាននិយាយជាមួយលោក Trump និងប្រធានាធិបតីបារាំង Emmanuel Macron បន្ទាប់ពីបានជួបជាមួយមេដឹកនាំផ្សេងទៀតដែលចូលរួមកិច្ចប្រជុំG7។ លោកបានហៅការពិភាក្សាទាំងនោះថាជា "ការសន្ទនាសម្របសម្រួល" ដើម្បីព្យាយាមបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។
ការវាយប្រហារលើទីក្រុងគីវនៅពេលនេះ គឺជាការវាយប្រហារតាមអាកាសលើកទីពីរដោយរុស្ស៊ីនៅសប្តាហ៍នេះ។ វិហារសាសនាអាយុកាល១.០០០ឆ្នាំមួយត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃចន្ទក្នុងការវាយប្រហារដ៏ធំមួយដោយរុស្ស៊ីដែលបានសម្លាប់មនុស្ស១០ នាក់ និងរងការថ្កោលទោសពីក្រុមមេដឹកនាំអឺរ៉ុប។
វិមានក្រឹមឡាំងបាននិយាយនៅសប្តាហ៍នេះថា លោកPutin ពុំបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចប្រជុំជាមួយលោក Zelenskyy ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់លោកជាមួយលោក Trump នោះទេ៕

