រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហារដោយយានដ្រូនដ៏បង្ហូរឈាមទៅលើរថយន្តក្រុងដឹកសិស្សសាលាបេឡារុស កាលពីថ្ងៃពុធ ជាការចោទប្រកាន់ដែលយោធាអ៊ុយក្រែននិយាយថា «មិនពិតនោះទេ»។

លោក Yegor Kovalchuk អភិបាលតំបន់ Bryansk ស្តីទីរបស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែន បាននិយាយថា រថយន្តក្រុងនេះបានដឹកក្រុមបាល់ទាត់កុមារសម្រាប់វិស្សមកាលនៅភាគខាងត្បូងប្រទេសរុស្ស៊ីពីប្រទេសបេឡារុស។ ក្រសួងការបរទេសរុស្ស៊ី ដែលបានចាត់ទុកការវាយប្រហារនេះថា «ជាឧក្រិដ្ឋកម្មដ៏អាក្រក់មួយផ្សេងទៀត» បាននិយាយថា ស្ត្រីម្នាក់ដែលធ្វើដំណើរអមកុមារ បានស្លាប់ ហើយមនុស្ស៨នាក់ផ្សេងទៀតរួមទាំងកុមារ៦នាក់ បានរងរបួស។

នាយសេនាធិការយោធាអ៊ុយក្រែន បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ដោយនិយាយនៅលើ បណ្តាញTelegram ថា «ក្នុងអំឡុងពេលជាក់លាក់នោះ កងកម្លាំងការពារជាតិអ៊ុយក្រែន មិនបានប្រើប្រាស់យានដ្រូនទៅលើគោលដៅនៅក្នុងតំបន់ Bryansk ទេ»។
លោក Kovalchuk បានបង្ហោះរូបភាពនៅលើអ៊ីនធឺណិត ដែលបង្ហាញពីរថយន្តក្រុងពណ៌ទឹកប្រាក់មួយគ្រឿង មានបង្អួចបែក សំបកកង់មុខខាងស្តាំខូចខាត និងអ្វីដែលមើលទៅជាស្នាមប្រឡាក់ដោយឈាមនៅលើកៅអីខាងក្នុងមួយចំនួនរបស់រថយន្ត។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានបើកការស៊ើបអង្កេតភេរវកម្ម និងបាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីតំបន់ Gomel ប្រទេសបេឡារុស ទៅ Gelendzhik ក្នុងប្រទេសរុស្ស៊ី មានដឹកអ្នកដំណើរចំនួន ៤៤ នាក់ រួមទាំងកុមារ២៨ នាក់។