ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រទេសចិនបានសន្យាកាលពីថ្ងៃពុធ១៧ មិថុនាសប្ដាហ៍នេះថា នឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ដើម្បីឆ្លើយតបទៅនឹងតំបន់តៃវ៉ាន់ដែលបើកដំណើរការគេហទំព័រសម្រាប់ពលរដ្ឋចិនដើម្បីទម្លាយព័ត៌មានស៊ើបការណ៍សម្ងាត់។

ប្រទេសចិនអះអាងថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំងដើម្បីក្រសោបយកកោះនេះ ខណៈទីក្រុងតៃប៉ិចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រើប្រាស់ចារកម្ម និងការជ្រៀតចូលដើម្បីធ្វើឱ្យប្រព័ន្ធការពារជាតិរបស់ខ្លួនចុះខ្សោយ។

វេទិកាថ្មីដែលបង្កើតឡើងដោយការិយាល័យសន្តិសុខជាតិកោះតៃវ៉ាន់ (NSB) អញ្ជើញពលរដ្ឋចិនដែលមានជំហរស្រលាញ់លទ្ធិប្រជាធិបតេយ្យដូចគ្នាដើម្បីសហការគ្នាលើការផ្ដល់ព័ត៌មានល្អិតអំពីទីក្រុងប៉េកាំង។
NSB បានណែនាំវេទិកានេះកាលពីថ្ងៃអាទិត្យជាមួយនឹងវីដេអូមានរយៈពេលមួយនាទី បង្កើតឡើងដោយ AI ដែលបង្ហាញពីមន្ត្រីរដ្ឋការចិនម្នាក់កំពុងមើលឃើញមិត្តរួមការងារត្រូវបានដកចេញ និងស៊ើបអង្កេត ដោយឆ្លុះបញ្ចាំងពីបរិយាកាសរីករាលដាលដែលមនុស្សគ្រប់គ្នាស្ថិតក្នុងភាពភ័យខ្លាចក្រោមការដឹកនាំរបស់ប្រទេសចិន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ប្រទេសចិនបានរិះគន់គេហទំព័រនេះកាលពីថ្ងៃពុធ ដោយអ្នកនាំពាក្យការិយាល័យកិច្ចការតំបន់តៃវ៉ាន់របស់ខ្លួនគឺលោក Chen Binhua បាននិយាយថានេះបានធ្វើឱ្យខូចទំនាក់ទំនងឆ្លងច្រកសមុទ្រ និងឆ្លុះបញ្ចាំងពីផ្នត់គំនិតប្រឈមដាក់គ្នាជាប់លាប់ របស់គណបក្សប្រជាធិបតេយ្យជឿនលឿនកំពុងកាន់អំណាច ។
លោក Chen បានបន្ថែមថា ពួកលោកថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពទាំងនេះ ហើយនឹងចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់។ លោកបានព្រមានថា អ្នកដែលផ្តល់ព័ត៌មានសម្ងាត់ដល់ភ្នាក់ងាររបស់កោះតៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់៕