មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស (UKMTO) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹកអង់គ្លេស បាននិយាយថា មនុស្សមិនស្គាល់អត្តសញ្ញាណជិះទូក បានបាញ់ប្រហារទៅលើនាវាមួយគ្រឿងនៅឆ្នេរសមុទ្រយេម៉ែន។

អង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«UKMTO បានទទួលរបាយការណ៍អំពីឧប្បត្តិហេតុមួយ នៅចម្ងាយ ១០៥ ម៉ាយសមុទ្រ ភាគឦសាននៃទីក្រុង Aden របស់ប្រទេសយេម៉ែន»។ «នាវាមួយគ្រឿង ត្រូវបានចូលទៅជិតក្នុងចម្ងាយ ៤ម៉ែត្រ ហើយត្រូវបានបាញ់ប្រហារដោយក្រុមមនុស្សប្រដាប់ អាវុធមិនស្គាល់អត្តសញ្ញាណដែលជិះទូកពីរគ្រឿង។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«នាវាបានដាក់ពង្រាយក្រុមសន្តិសុខ ហើយបានបាញ់តបវិញ។ ទូកដែលសង្ស័យ បានដកថយ ហើយស្ថិតនៅចម្ងាយលើសពី ៤ម៉ាយសមុទ្រ ពីនាវានោះ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អាជ្ញាធរកំពុងស៊ើបអង្កេតបញ្ហានេះ។ នាវានៅក្នុងតំបន់នេះ ត្រូវបានណែនាំឲ្យធ្វើដំណើរដោយប្រុងប្រយ័ត្ន។
នៅថ្ងៃទី១៥ ខែមិថុនា UKMTO បានចេញរបាយការណ៍អំពីឧប្បត្តិហេតុស្រដៀងគ្នាពីរនៅឆ្នេរសមុទ្រយេម៉ែន។ នៅក្នុងឧប្បត្តិហេតុមួយ មនុស្សមួយក្រុមបានព្យាយាមឡើងលើនាវាដឹកកុងតឺន័រមួយគ្រឿង និង នៅក្នុងឧប្បត្តិហេតុមួយទៀត បានបាញ់គ្រាប់ផ្លោងទៅលើនាវាដឹកប្រេងមួយគ្រឿង៕