ក្រសួងសុខាភិបាលលីបង់បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល នៅតែបន្តធ្វើការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលមនុស្ស ៥៨នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ។

ក្រសួងសុខាភិបាលលីបង់ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់ ៣.៨៨៤នាក់ ចាប់តាំងពីភាពតានតឹងផ្នែកយោធា បានកើនឡើង នៅថ្ងៃទី ០២ ខែមីនា ហើយមនុស្ស ១១.៨៥៦ នាក់ ផ្សេងទៀត បានរងរបួស»។

យោងតាមក្រសួង យន្តហោះ និងកងកម្លាំងកាំភ្លើងធំរបស់អ៊ីស្រាអែល បានផ្តោតការវាយប្រហាររបស់ពួកគេទៅលើទីក្រុង Nabatieh និងតំបន់ជាយក្រុងនេះ ក៏ដូចជាតំបន់ Iqlim al-Tuffah ជាកន្លែងដែលអង្គភាពជាច្រើនរបស់ក្រុមហេសបូឡា ធ្វើប្រតិបត្តិការ។ ក្រុមអ្នកជួយសង្គ្រោះបន្តសម្អាតគំនរបាក់បែកនៅក្នុងតំបន់មួយចំនួន ដូច្នេះចំនួនអ្នកស្លាប់ និងរបួស អាចកើនឡើងថែមទៀត៕