ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) បានការពារកិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់លោកជាមួយអ៊ីរ៉ង់ ដោយនិយាយថា វាបានជួយបញ្ចៀសគ្រោះមហន្តរាយសេដ្ឋកិច្ចសកល ខណៈពេលដែលព្រមានថា លោកអាចនឹងបើកការវាយប្រហារថ្មី ប្រសិនបើទីក្រុងតេអេរ៉ង់មិនគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួននោះទេ។
ជាមួយគ្នានេះ អំឡុងពេលថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នៅប្រទេសបារាំង លោក Trump ក៏បាននិយាយផងដែរថា ចរាចរណ៍ផ្លូវសមុទ្រ នៅច្រកសមុទ្រ Hormuz បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពី ៣ថ្ងៃមុន ហើយបានសម្តែងក្តីសង្ឃឹមថា វាអាចជាការចាប់ផ្តើមនៃការមានសន្តិភាពកាន់តែទូលំទូលាយ នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

អមដោយការបន្ថែមថា ជនជាតិអ៊ីរ៉ង់ គឺជា «មនុស្សឆ្លាត» នោះ លោក Trump បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងនឹងទម្លាក់គ្រាប់បែកលើពួកគេ (អ៊ីរ៉ង់) ប្រសិនបើពួកគេរំលោភលើកិច្ចព្រមព្រៀង។ ខ្ញុំមិនចង់ឲ្យពួកគេធ្វើដូច្នោះទេ។ ខ្ញុំចង់ឲ្យពួកគេគោរពតាមកិច្ចព្រមព្រៀង»។ នៅមុននេះ លោកបានបញ្ជាក់ថា៖ «ប្រសិនបើខ្ញុំមិនពេញចិត្តវា (កិច្ចព្រមព្រៀង) ប្រសិនបើពួកគេ (អ៊ីរ៉ង់) មិនមានអាកប្បកិរិយាល្អទេ យើងនឹងវិលទៅទម្លាក់គ្រាប់លើពួកគេវិញ»។
លោក Trump បានសង្កត់ធ្ងន់ថា៖ «ដូច្នេះរឿងមួយដែលខ្ញុំមិនចង់ឃើញនោះ គឺថា ខ្ញុំមិនចង់ឃើញមហន្តរាយសេដ្ឋកិច្ចទេ។ ព្រោះថា ប្រសិនបើអ្នកបន្តរឿងនេះ រឿងនោះអាចកើតឡើង»។
គួរបញ្ជាក់ថា សង្គ្រាមដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងដែលបានវិវត្តទៅជាជម្លោះ ក្នុងតំបន់កាន់តែទូលំទូលាយ បានជំរុញឲ្យតម្លៃថាមពលឡើងខ្ពស់ សម្ពាធអតិផរណាថ្មី និងបង្កឲ្យមានក្ដីបារម្ភ អំពីវិបត្តិផ្គត់ផ្គង់ស្បៀងអាហារដ៏ធំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
តម្លៃប្រេងបានធ្លាក់ចុះម្តងទៀត កាលពីថ្ងៃទី១៧ ខែមិថុនា ដោយសារតែការរំពឹងទុកពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយប្រេងឆៅ Brent មានតម្លៃទាបជាង ៨០ដុល្លារ ជាកម្រិតទាបបំផុត ចាប់តាំងពីការផ្ទុះជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕
