មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) ថា ការធ្វើសម្បទានរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលចុះហត្ថលេខាដោយប្រធានាធិបតី លោក Donald Trump គឺជាជ័យជម្នះ «ដ៏ធំ» សម្រាប់សហរដ្ឋអាមេរិក។
អំឡុងពេលនិយាយតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់ ២រូប បានគូសបញ្ជាក់ពីកិច្ចព្រមព្រៀង ១៤ចំណុច ហើយបានអានម្ដងមួយពាក្យៗ។
មន្ត្រីទី១ បាននិយាយថា ចំណុចមួយ ក្នុងចំណោមចំណុចដែលបានព្រមព្រៀងគ្នា បង្កើតស្តង់ដារអប្បបរមាសម្រាប់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់អ៊ីរ៉ង់ ដើម្បីពង្រាវវាឲ្យដល់កម្រិតទាបបំផុត។ មន្ត្រីរូបនេះបានបន្ថែមថា៖ «ពួកគេនិយាយថា យើងនឹងបំផ្លាញស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ ហើយនេះជាវិធីដែលយើងនឹងធ្វើ យ៉ាងហោចណាស់ដល់កម្រិតទាបបំផុត»។
ជាមួយគ្នានេះ មន្ត្រីទាំង២ ក៏បានជំទាស់ផងដែរ ចំពោះការរិះគន់ពីគ្រប់ភាគីទាំងអស់ ដែលរួមមានពីអ៊ីស្រាអែល សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន នៅទីក្រុងវ៉ាស៊ីនតោន និងអ្នកគាំទ្រអភិរក្សនិយមថ្មីរបស់លោក Trump។
មន្ត្រីទី១ បាននិយាយថា សារព័ត៌មានអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបំភ្លៃ ឬយល់ច្រឡំ អំពីកិច្ចព្រមព្រៀងនេះ។ ទាក់ទងនឹងការរិះគន់របស់អ៊ីស្រាអែល មន្ត្រីទី២ បានបញ្ជាក់ថា «គ្មានអ្វីត្រូវបានស្នើសុំពីយើងទេ» ដោយនេះគឺជាការឆ្លើយតបទៅនឹងរបាយការណ៍ ដែលថា ទីក្រុងវ៉ាស៊ីនតោន បានបដិសេធសំណើរបស់អ៊ីស្រាអែល ក្នុងការសុំមើល MOU៕

