កាលពីថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) លោក Donald Trump បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អាចប្រើប្រាស់ «វិធីសាស្ត្រប៉ះទង្គិចបែបទន់ភ្លន់» ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅក្នុងប្រទេសលីបង់ ដោយនេះជាការរិះគន់ជាសាធារណៈចុងក្រោយរបស់ប្រធានាធិបតីអាមេរិក ចំពោះដៃគូរបស់លោក ដែលរួមគ្នាធ្វើសង្គ្រាម លើអ៊ីរ៉ង់។

លោក Netanyahu និងលោក Trump បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀត ជុំវិញការបដិសេធរបស់អ៊ីស្រាអែល ក្នុងការបន្ថយប្រតិបត្តិការតាមប្រមាញ់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅលីបង់ ជាកន្លែងដែលការបញ្ឈប់អរិភាព គឺជាការទាមទារដ៏សំខាន់របស់អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងបណ្តោះអាសន្នមានកម្រិតជាមួយសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី១៧ ខែមិថុនា នៅពេលបិទកិច្ចប្រជុំកំពូលនៃក្រុមប្រទេសធំៗទាំង៧ (G7) នៅប្រទេសបារាំង លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក Netanyahu គឹជាមនុស្សល្អ តែពេលខ្លះប្រតិកម្មខ្លាំងបន្តិច»។
លោក Netanyahu បានទទូចថា អ៊ីស្រាអែលមិនត្រូវបានចងភ្ជាប់ដោយកិច្ចព្រមព្រៀងណាមួយឡើយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រាប់ការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡា ទោះបីជាអរិភាពនៅលីបង់ បានថយចុះខ្លះ ចាប់តាំងពីលោក Trump បានរិះគន់រូបលោកយ៉ាងខ្លាំង នៅដើមសប្តាហ៍នេះក៏ដោយ។
ដោយសំដៅទៅលើលោក Netanyahu ដោយឈ្មោះហៅក្រៅរបស់លោក លោក Trump បានបន្ថែមថា៖ «យើងមានជម្លោះតិចតួច ជុំវិញបញ្ហាលីបង់។ ខ្ញុំនិយាយថា អ្នកអាចមានវិធីសាស្ត្រប៉ះទង្គិចស្រាលជាងនេះបន្តិចបាន Bibi។ អ្នកមិនចាំបាច់វាយកម្ទេចអគាររាល់ពេលដែលនរណាម្នាក់ដើរចូលទៅក្នុងអគារនោះ ដែលមកពីក្រុមហេបូឡានោះទេ»៕


