កាលពីថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍រួមជាមួយសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមាននូវកិច្ចប្រជុំ រវាងមេដឹកនាំនៃភាគីទាំង២ កាលពីដើមសប្តាហ៍នេះ នៅទីក្រុងប៉េកាំង ដោយបញ្ជាក់ថា ប្រទេសទាំង២ នឹងបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវិស័យដែលជាផលប្រយោជន៍ស្នូល និងជាកង្វល់ចម្បង។
ជាមួយគ្នានេះ តាមរយៈសេចក្ដីថ្លែងការណ៍នោះ ចិនបានស្វាគមន៍ការបោះឆ្នោតសកល នៅសហភាពមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនេះ។
ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ ភាគីទាំង២ បានបញ្ជាក់ជាថ្មីថា គ្មានប្រទេសណាមួយ នឹងអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់ សម្រាប់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍សន្តិសុខរបស់គ្នាទៅវិញទៅមកឡើយ ហើយប្រទេសជិតខាងទាំង២ បានសន្យាលើកកម្ពស់ការអនុវត្តច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា និងជំរុញកិច្ចសហប្រតិបត្តិការ លើគម្រោងធំៗ ដូចជាកំពង់ផែទឹកជ្រៅ Kyaukpyu និងផ្លូវដែក Muse-Mandalay ជាដើម។
ជាងនេះទៀត ប្រទេសទាំង២ ក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរុករករ៉ែ សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងកសិកម្ម ក្នុងចំណោមវិស័យផ្សេងៗទៀត និងក្នុងការប្រើប្រាស់បំពង់បង្ហូរប្រេង និងឧស្ម័នចិន-មីយ៉ាន់ម៉ា និងជំរុញការតភ្ជាប់បណ្តាញអគ្គិសនី។
សេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រសួងការបរទេសចិន បានឲ្យដឹងបន្ថែមថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលមានវត្តមាននៅប្រទេសចិន រហូតដល់ថ្ងៃសុក្រ បានអញ្ជើញមេដឹកនាំចិន លោក Xi Jinping ឲ្យទៅបំពេញទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា «ក្នុងពេលវេលាសមស្របណាមួយ»៕

