សហភាពអឺរ៉ុប (EU) កំពុងរៀបចំផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ស្របពេលមានឱនភាពពាណិជ្ជកម្មកាន់តែធំជាមួយប្រទេសចិន ការពឹងផ្អែកកាន់តែខ្លាំងឡើង លើវិស័យយុទ្ធសាស្ត្រ និងសម្ពាធពីគំរូផលិតកម្មដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន លើឧស្សាហកម្មនៅតំបន់អឺរ៉ុប។
ប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតរបស់ពិភពលោក កំពុងជំរុញផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារសកល តាមរយៈគោលនយោបាយឧស្សាហកម្មឧបត្ថម្ភដោយរដ្ឋ ខណៈដែលខ្លួនពង្រីកសមត្ថភាពផលិតកម្មយ៉ាងឆាប់រហ័ស នៅក្នុងវិស័យជាច្រើន ជាពិសេសយានយន្តអគ្គិសនី អាគុយ បន្ទះសូឡា វត្ថុធាតុដើមសំខាន់ៗ និងផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលដាក់សម្ពាធលើការប្រកួតប្រជែងរបស់តំបន់អឺរ៉ុប ។
កាលពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសធំៗទាំង៧ (G7) នៅប្រទេសកាណាដា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ពាណិជ្ជកម្មរបស់ EU ជាមួយប្រទេសចិន គឺមិនមានស្ថិរភាពឡើយ។ លោកស្រីបានបញ្ជាក់ថា EU ត្រូវការបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន ពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅជុំវិញពិភពលោក និងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសដោយសារតែរ៉ែ និងវត្ថុធាតុដើមសំខាន់ៗ ត្រូវបានគ្របដណ្ដប់ដោយប្រទេសចិន ដោយជំរុញឲ្យប្លុកធ្វើយ៉ាងណាបញ្ចៀសការពឹងផ្អែកខ្លាំង លើអ្នកផ្គត់ផ្គង់តែមួយ។
ការក្ដោបក្ដាប់របស់ចិន នៅក្នុងពាណិជ្ជកម្មសកល នឹងស្ថិតក្នុងចំណោមប្រធានបទ ដែលត្រូវបានលើកយកមកពិភាក្សា ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលនៃមេដឹកនាំ EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១៨ និងទី១៩ ខែមិថុនានេះ។ គណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ថា ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន គួរតែបន្តតាមរយៈការមានហានិភ័យទាប ប៉ុន្តែបច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្លុក និងប្រទេសនេះ ត្រូវបានគេចាត់ទុកថា មិនមានស្ថិរភាពឡើយ៕


