ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ «ប្រកាន់ខ្ជាប់នូវស្មារតី» នៃអនុស្សរណៈយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) ដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលទី១ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មាន «សារៈសំខាន់ជាវិជ្ជមាន សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងពង្រឹងសន្ទុះ សម្រាប់បទឈប់បាញ់»។

ប្រទេសប៉ាគីស្ថាន ដែលបានសម្របសម្រួលរវាងភាគីមានសង្គ្រាមជាមួយគ្នាទាំង២ ចាប់តាំងពីថ្ងៃទី៨ ខែមេសា ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នាអ៊ីស្លាម៉ាបាដ បានចូលជាធរមាន ដោយមាន «ប្រសិទ្ធភាពភ្លាមៗ» បន្ទាប់ពីលោក Trump និងលោក Pezeshkian បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងអំឡុងពេលយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
លោក Lin បានបញ្ជាក់ថា «ប្រទេសចិនស្វាគមន៍ MOU នេះ» ដោយអំពាវនាវឲ្យភាគីទាំង២ «ប្រកាន់ខ្ជាប់ស្មារតីនៃកិច្ចសន្យានេះ ហើយបំពេញតាមការប្តេជ្ញាចិត្តរបស់ពួកគេដោយស្មោះត្រង់»។ លោក Lin បានសង្កត់ថា៖ «ការប្រើប្រាស់កម្លាំងមិនមែនជាដំណោះស្រាយឡើយ។ ការចរចាដោយស្មើភាពគ្នា គឺជាជម្រើសដ៏ត្រឹមត្រូវ»។
ហើយអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមថា៖ «សង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងឈានដល់ដំណាក់កាលទី២ នៃការចរចា ដោយមានអាកប្បកិរិយាសមហេតុផល និងជាក់ស្តែង ដោយធ្វើការក្នុងទិសដៅស្របគ្នា និងប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបានលទ្ធផល»៕
