លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ និងបានអំពាវនាវឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយគ្មានលក្ខខណ្ឌ។
លោក Birol បាននិយាយថា ប្រទេសជាច្រើនកំពុងពិនិត្យឡើងវិញនូវគោលនយោបាយថាមពលរបស់ពួកគេ ព្រោះវាគឺច្បាស់ណាស់ថា ផ្លូវទឹកនេះអាចត្រូវបានបិទម្តងទៀត ដោយសារតែអ៊ីរ៉ង់បានបិទវា ក្នុងអំឡុងពេលមានសង្គ្រាម។
លោក Birol បានលើកឡើងនៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងអ៊ីស្តង់ប៊ុលថា IEA នឹងពិភាក្សាអំពីយុទ្ធសាស្ត្រថ្មីៗ ជាមួយប្រទេសជាច្រើន ខណៈដែលវិបត្តិនេះ បានគូសផែនទីថាមពលសកលឡើងវិញ ដោយបន្ថែមថា «ទំនុកចិត្ត» គឺមានសារៈសំខាន់នៅក្នុងទីផ្សារថាមពលសកល ដែលតម្លៃបានធ្លាក់ចុះ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពនេះ។
កិច្ចព្រមព្រៀងនេះ រួមមានការបើកច្រកសមុទ្រឡើងវិញ ដោយទីក្រុងតេអេរ៉ង់ ហើយសហរដ្ឋអាមេរិក ដកការបិទខ្ទប់ផ្លូវទឹករបស់ខ្លួន ចំពោះអ៊ីរ៉ង់ ដែលអាចនាំមកនូវការបញ្ចប់នៃការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ។
ហើយលោក Birol បានបញ្ជាក់ថា ច្រកសមុទ្រនេះត្រូវតែត្រូវបានបើកឡើងវិញ «ដោយគ្មានលក្ខខណ្ឌ» ដើម្បីឲ្យភាគីទាំងអស់ «ជឿថា វាមានសុវត្ថិភាព»។ លោកបានបន្ថែមថា «ឥឡូវនេះយើងនឹងឃើញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង និងដំណើរការចរចា និងអ្វីដែលនឹងកើតឡើងបន្ទាប់»៕

