រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ និងបិទផ្លូវទឹកជាថ្មី ប្រសិនបើអ៊ីរ៉ង់មិនបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកទេនោះ។
នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អង្គការណាតូ (NATO) លោក Hegseth បាននិយាយថា៖ «លោកប្រធានាធិបតី បានចង្អុលបង្ហាញថា យើងនឹងត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមឡើងវិញ ប្រសិនបើក្រោមពេលវេលាកំណត់នៃកិច្ចពិភាក្សាទាំងនេះ អ៊ីរ៉ង់មិនធ្វើអ្វីដែលខ្លួននិយាយថា ខ្លួននឹងធ្វើនោះ»។
ប្រមុខក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើអ៊ីរ៉ង់មិនគោរពតាមទេនោះ យើងអាចដាក់ការបិទខ្ទប់ផ្លូវទឹកយ៉ាងខ្លាំងក្លាឡើងវិញ»។
បើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តម្រូវឲ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ ការបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញវត្ថុមួយចំនួនលើអ៊ីរ៉ង់ និងការកំណត់ពីការរំពឹងទុក សម្រាប់ការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលមានកិច្ចពិភាក្សាបច្ចេកទេសនាពេលអនាគត៕