ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការវាយប្រហារដោយយានដ្រូនយ៉ាងខ្លាំងក្លា លើរុស្ស៊ី គឺជាការសងសឹក ចំពោះការវាយប្រហារដែលបានបំផ្លាញទីអារាមប្រវត្តិសាស្ត្រមួយ ក្នុងទីក្រុងគីវ នៅសប្តាហ៍នេះ ហើយថា «ទីក្រុងមូស្គូនឹងឆេះសន្ធោសន្ធៅ» ប្រសិនបើការវាយប្រហារនៅតែបន្តមាន។
យានដ្រូនជាច្រើនគ្រឿង បានកំណត់គោលដៅទីក្រុងមូស្គូពេញមួយយប់ ដោយបានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ី ដែលជាលើកទី២ ក្នុងសប្តាហ៍នេះ។
នៅក្នុងសារសំឡេងដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មានតាមក្រុម WhatsApp លោក Zelensky បាននិយាយថា៖ «យើងមិនចង់បានសង្គ្រាមនេះទេ យើងមិនដែលចង់បានឡើយ ហើយមនុស្សគ្រប់គ្នាដឹងរឿងនេះ ហើយដៃគូរបស់យើងក៏ដឹងរឿងនេះដែរ។ ប៉ុន្តែប្រសិនបើអ៊ុយក្រែនឆេះ ទីក្រុងមូស្គូរបស់អ្នក នឹងឆេះយ៉ាងសន្ធោសន្ធៅដូចគ្នាដែរ»។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃទី១៥ ខែមិថុនា នៅទូទាំងប្រទេសអ៊ុយក្រែន អំឡុងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលបានបំផ្លាញទីអារាម Kyiv Pechersk Lavra អាយុកាល ១.០០០ឆ្នាំ។
លោក Zelensky ត្រូវគ្រោងចូលរួមកិច្ចប្រជុំមួយជាមួយសម្ព័ន្ធមិត្តយោធារបស់អ៊ុយក្រែន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១៨ ខែមិថុនានេះ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានអំពាវនាវដល់អឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មលើវិស័យការពារជាតិ និងថាមពល និងសេដ្ឋកិច្ចដ៏ទូលំទូលាយ ដើម្បីបង្ខំឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ចប់សង្គ្រាម៕