ស្ថាប័នសុខាភិបាលនៃតំបន់ហ្កាហ្សា បាឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅក្នុងដែនដីនេះ បានកើនឡើងដល់ជាង ១.០០០នាក់ហើយ គិតចាប់តាំងពីមានបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែតុលាឆ្នាំមុន ខណៈដែលមនុស្សយ៉ាងហោចណាស់ ៣នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ នៅក្នុងការវាយប្រហារចុងក្រោយនេះ។
ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានត្រូវចំលើរថយន្តមួយគ្រឿង នៅលើផ្លូវ Omar al-Mokhtar ក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្ស ៣នាក់ ខណៈដែលអំពើហិង្សានៅតែបន្ត ទោះបីជាមានការជំរុញបទឈប់បាញ់ថ្មីដោយអ្នកសម្របសម្រួលក៏ដោយ។ យោធាអ៊ីស្រាអែល មិនបានធ្វើការអត្ថាធិប្បាយអ្វីភ្លាមៗឡើយ ជុំវិញហេតុការណ៍នេះ។
ស្ថាប័នសុខាភិបាលបានបញ្ជាក់ថា រួមទាំងហេតុការណ៍ចុងក្រោយនេះ ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ គឺ ១.០០៨នាក់ គិតចាប់តាំងពីមានបទឈប់បាញ់ខែតុលា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
ចំណែកអ៊ីស្រាអែលប្រាប់ថា ទាហានរបស់ខ្លួន ៤រូប ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធ ក្នុងអំឡុងពេលនោះ។ អ៊ីស្រាអែលបានឲ្យដឹងបន្ថែមថា ប្រតិបត្តិការរបស់ខ្លួន មានគោលបំណងទប់ស្កាត់ការវាយប្រហារជិតកើតមានដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធដទៃទៀត។ សម្រាប់ក្រុមហាម៉ាស ពួកគេកម្របង្ហាញព័ត៌មាន អំពីការស្លាប់របស់យុទ្ធជនរបស់ខ្លួនណាស់។
អ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែជាប់គាំងមិនអាចរកច្រកចេញបាន ជុំវិញវិធីបន្តដំណាក់កាលបន្ទាប់នៃផែនការហ្កាហ្សារបស់លោក Trump ដែលពាក់ព័ន្ធនឹងការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការដកទ័ពរបស់អ៊ីស្រាអែល៕